(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍បានចេញប្រកាសអន្តរក្រសួងស្តីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ ដោយបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ បន្តលើកលែងការបង់ពន្ធប៉ាតង់ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀត និងលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២។

យោងតាមប្រការ១នៃប្រកាសនេះបានអនុញ្ញាតឱ្យអនុវត្តនូវគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដែលមានដូចខាងក្រោម៖

* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិតនៃខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ សម្រាប់ឆមាសទី១ ឆ្នាំ២០២២។ ករណីមានបំណុលសល់មុនវិបត្តិនៃជំងឺកូវីដ-១៩ ចំពោះប្រតិបត្តិករក្នុងវិស័យទេសចរណ៍សម្រាប់ខេត្តដទៃទៀត ត្រូវពន្យារពេលការចុះធ្វើសវនកម្មនៅក្នុងឆ្នាំ២០២១។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនទ្បាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែ ក្នុងអំទ្បុងពេលនៃការលើកលែងនេះ។

* បន្តលើកលែងការបង់ពន្ធប៉ាតង់ចំពោះក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ដទៃទៀតសម្រាប់ឆ្នាំ២០២២។ អ្នកជាប់ពន្ធទំាំងនេះមានកាតព្វកិច្ចត្រូវធ្វើបច្ចុប្បន្នភាពប៉ាតង់។

* លើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ចំពោះអាជ្ញាបណ្ណទេសចរណ៍ដែលស្ថិតក្នុងសុពលភាព។ អាជីវកម្មទេសចរណ៍គ្រប់ប្រភេទនៅតែមានកាតព្វកិច្ចដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬរដ្ឋបាលរាជធានី-ខេត្ត ឬរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ (ទៅតាមប្រភេទ និងទំហំអាជីវកម្មទេសចរណ៍ដែលក្រសួងទេសចរណ៍បានធ្វើប្រតិភូកម្មកន្លងមក) ក្នុងអំទ្បុងពេលនៃការលើកលែងនេះ។

ប្រកាសអន្តរក្រសួងខាងលើនេះក៏បានអនុញ្ញាតឱ្យបន្តសុពលភាពនៃការអនុវត្តសេចក្តីជូនដំណឹង ស្តីពីការអនុវត្តគោលនយោបាយលើកទឹកចិត្តនៃការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៕

ខាងក្រោមនេះជាប្រកាសអន្តរក្រសួងស្ដីពីការអនុវត្តវិធានការគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍៖