(ភ្នំពេញ)៖ អ្នកស្ម័គ្រចិត្ត JICA ថ្មីចំនួន ៣នាក់ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានមកដល់ប្រទេសកម្ពុជាហើយ ក្រោមកម្មវិធីអ្នកស្ម័គ្រចិត្តសហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (JOCV) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន។

អ្នកស្ម័គ្រចិត្តថ្មីទាំងបី នឹងត្រូវបញ្ជូនទៅធ្វើការផ្នែកថែទាំជំងឺ និងអប់រំបឋមសិក្សា នៅខេត្តក្រចេះ និងកំពង់ឆ្នាំង។ ខណៈពេលរង់ចាំការបញ្ជូន ពួកគេបានសិក្សាភាសាខ្មែរ មិនត្រឹមតែសិក្សានៅប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅប្រទេសជប៉ុនផងដែរ។ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ អ្នកស្ម័គ្រចិត្តចៃកានឹងធ្វើការជាមួយប្រធានមន្ទីរពេទ្យ និងគិលានុបដ្ឋាយិកា ក្នុងការគាំទ្រការបែងចែកការផ្តល់សេវាព្យាបាលដំបូងជូនអ្នកជំងឺ និងលើកកម្ពស់ការគ្រប់គ្រងការឆ្លងមេរោគ ដើម្បីធ្វើឱ្យមន្ទីរពេទ្យកាន់តែមានភាពកក់ក្ដៅ និងគួរជាទីទុកចិត្តសម្រាប់ប្រជាជនក្នុងតំបន់។

នៅសាលាបឋមសិក្សា អ្នកស្ម័គ្រចិត្តចៃកា នឹងធ្វើការដោយសហការជាមួយនាយកនិងនាយិកាសាលា និងលោកគ្រូ-អ្នកគ្រូ ដើម្បីគាំទ្រសិស្សផ្នែកអប់រំកាយ និងតន្ត្រី។ មុខវិជ្ជាទាំងនេះ គឺថ្មីនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ អ្នកស្ម័គ្រចិត្តចៃកា នឹងរៀបចំសិក្ខាសាលាសម្រាប់គ្រូដើម្បីអនុវត្តជំនាញ និងកែលម្អវិធីសាស្រ្តបង្រៀនសម្រាប់មុខវិជ្ជាទាំងនោះ។

នេះគឺជាការចាប់ផ្តើមនៃសកម្មភាពជាថ្មីសម្រាប់អ្នកស្ម័គ្រចិត្ដចៃកា បន្ទាប់ពីការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសឡើងវិញ ប៉ុន្តែវាមិនមែនជាការចាប់ផ្តើមកម្មវិធី JOCV ឡើងវិញទេនោះទេ ។ JOCVs បាន និងកំពុងធ្វើការជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា និងតស៊ូជាមួយគ្នាក្នុងអំឡុងពេលជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងឆ្នាំ ២០២០ និង២០២១។

ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នៅខែមីនាឆ្នាំ ២០២០ JOCVs ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសជប៉ុនវិញ។ ទោះស្ថិត ក្នុងប្រទេសជប៉ុនក៏ដោយ JOCVs បានបន្តការងាររបស់ពួកគេរហូតដល់ទីបញ្ចប់ ក្នុងការធ្វើការជាមួយមិត្តរួមការងារកម្ពុជា ដោយផ្តល់ការគាំទ្រពីចម្ងាយតាមប្រព័ន្ធអ៉ីនធឺណិត។ នៅខែធ្នូ ឆ្នាំ២០២០ JOCV ចំនួន៦នាក់បានត្រលប់មកកម្ពុជាវិញ ហើយបន្ទាប់មកនៅឆ្នាំ ២០២១ JOCV ចំនួន ៥រូប ទៀតក៏បានត្រលប់មកកម្ពុជាវិញផងដែរ។

តាមរយៈសកម្មភាពតាមប្រព័ន្ធអនឡាញ ពួកគេអាចជម្នះការលំបាករួមគ្នាជាមួយប្រជាជនកម្ពុជា ហើយសូម្បីតែបច្ចុប្បន្ននេះ អ្នកស្ម័គ្រចិត្តមួយចំនួននៅតែបន្តការងាររបស់គេនៅក្នុងប្រទេសកម្ពុជា ហើយកំពុងធ្វើការផ្នែកអប់រំវិទ្យាសាស្ត្រ និងការលើកម្ពស់បរិយាកាសមន្ទីរពេទ្យឲ្យកាន់តែល្អប្រសើរជាដើម។

កម្មវិធី JOCV នៅកម្ពុជាបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៦៥ ដោយមានប្រវត្តិ៥៧ឆ្នាំមកហើយ ហើយអ្នកស្ម័គ្រចិត្តប្រមាណជាង ៨០០នាក់ ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា។ JOCVs តែងតែនៅជាមួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជាជានិច្ច។ ទោះបីជាស្ថិតក្រោមការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ JICA នៅតែបន្តធ្វើការរួមគ្នាជាមួយប្រជាជនកម្ពុជា ហើយយើងរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រទេសកម្ពុជា៕