(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនចោរឆក់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់សិស្សសាលាចំនួន២គ្រឿង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២៖៣០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចសាលារៀនសុវណ្ណាភូមិ (ថ្មី) ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

បើយោងតាមរបាយការណ៍បានឱ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន០២គ្រឿង ដែលជារបស់ក្មេងស្រីសិស្សសាលា ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ។

ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ, កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍បិតត្រាំង បានដេញប្រផាត់ចាប់ប្រភីង និងស្ទាក់ឃាត់ខ្លួនជនសង្ស័យ រហូតដល់ចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបាតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ។

ចំពោះជនសង្ស័យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ៕