(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តឧបត្ថម្ភអំពូលភ្លើង «សូឡា» មួយចំនួនទៀតដល់លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងរដ្ឋបាលសង្កាត់ឬស្សីកែវ សម្រាប់រៀបចំតម្លើង ដើម្បីបំពាក់បំភ្លឺតាមបណ្ដាផ្លូវសាធារណៈបន្ថែមទៀត ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សំដៅដល់ការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ក្រោយពីបានពិភាក្សា រកដំណោះស្រាយ និងដោះស្រាយបណ្ដឹងសេសសល់ និងការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធចំនួន៦៥គ្រួសារ និងតំបន់ ១៧៧គ្រួសារ ទៀត ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ នៅក្នុងកិច្ចប្រជុំមួយនៅសាលាខណ្ឌ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

សូមជម្រាបថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ លោក ឯក ឃុនដឿន បានឧបត្ថម្ភអំពូលភ្លើង SOLA ចំនួន៣០ផ្ទាំងផងដែរ ជូនលោកស្រី រាជ ផាវឿន ដើម្បីបំពាក់ពង្រាយជាបណ្ដើៗ ក្នុងការបំភ្លឺឡើងវិញ នៅតាមផ្លូវតូច-ធំមួយចំនួន ដែលមានសភាពងងិត សម្រាប់បម្រើជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រសង្កាត់ ក្រៅពីបានបំពាក់បំភ្លឺផ្លូវជាបណ្ដើៗរួចហើយ នៅតាមរបង និងផ្លូវប្របមាត់ប្រឡាយ ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ នៅវត្តកោះមេត្តាពោធិវង្ស ក្នុងសង្កាត់ទួលសង្កែទី២។

ក្នុងសកម្មភាពនេះ លោក ឯក ឃុនដឿន នៅតែមានមហិច្ចតាក្នុងការបន្តបំពាក់ពង្រាយអំពូលភ្លើងសូឡាបន្ថែមទៀត នៅតាមបណ្ដាផ្លូវតូច-ធំ និងតាមបណ្ដាភូមិនានា ក្នុងសង្កាត់ទាំងអស់ចំនួន៧ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព ទីក្រុង និងសំដៅរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដោយធានាសុខសុវត្ថិភាព សម្រាប់បម្រើជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានការឧបត្ថម្ភគាំទ្រ ពីសប្បុរសជននានា៕