(ភ្នំពេញ)៖ បន្ទាប់ពីអង្គសមាជវិសាមញ្ញ គណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចជាឯកច្ឆន្ទជ្រើសតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ បុត្រាច្បងរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ជាព្រះប្រធានគណបក្សជាផ្លូវការ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នៅចំពោះមុខថ្នាក់ដឹកនាំគណបក្ស ព្រះអង្គទ្រង់ប្រកាសយ៉ាងមុតមាំការពារគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្សជាអមតៈ ដោយដង្ហែតាមព្រះមាគ៌ាដឹកនាំរបស់សម្តេចព្រះបរមរតនកោដ្ឋ និងព្រះបិតា នូវគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ។

សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច មានការចូលរួមពីសមាជិក និងថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្តជាង៥០០នាក់ ក៏បានសម្រេចកំណត់យកទីតាំងទីស្នាក់ការកណ្ដាលគណបក្សស្ថិតនៅផ្ទះលេខ២៨៥ ផ្លូវ៥៨ ភូមិ៣ សង្កាត់ផ្សារថ្មីទី៣ រាជធានីភ្នំពេញ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទូលយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងការពារគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យគង់វង្សជាអមតៈ ដង្ហែតាមព្រះមាគ៌ាដឹកនាំរបស់ ហ្លូងតារបស់ខ្ញុំ និងសម្តេចព្រះបិតាខ្ញុំនូវគោលនយោបាយ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ»។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទូលបន្ថែមដា ដើម្បីគោរពថ្វាយព្រះគុណូបការៈរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ទ្រង់នឹងខិតខំប្រមូលប្រមែល អតីតអ្នករាជានិយម សីហនុនិយម រណឬទ្ធិនិយម ដើម្បីគណបក្សទទួលបានជោគជ័យសារជាថ្មី។

មានបន្ទួលនៅក្នុងអង្គសមាជនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់បានអះអាងថា ក្រោមការដឹកនាំរបស់ព្រះអង្គផ្ទាល់ ព្រះអង្គនឹងខិតខំធ្វើយ៉ាងណាឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានឈ្មោះបោះសំឡេងឡើង វិញបន្ទាប់ពីគណបក្សនេះបានបាត់បង់ឈ្មោះចេញពីរដ្ឋសភា និងធ្លាក់ចុះការគាំទ្រច្រើនពីមូលដ្ឋាននោះ។

បើតាមយុទ្ធសាស្រ្តនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងផងដែរថា ខ្លួននៅតែប្រកាន់ភ្ជាប់គោលនយោបាយ អព្យាក្រឹត្យ ឯករាជ្យ អធិបតេយ្យភាព និងមិនចូលបក្សសម្ព័ន្ធ ហើយតាមរយៈការដឹកនាំរបស់ព្រះប្រធានគណកប្សថ្មី គណបក្សនេះសន្យាថា នឹងកែទម្រង់ផ្ទៃក្នុងរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឱ្យក្លាយជាកម្លាំងរឹងមាំឡើងវិញផងដែរ ដើម្បីរួមសហការគ្នាជាមួយគណបក្សកាន់ អំណាចក៏សាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕