(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនពរលោកស្រីបណ្ឌិត ហាក់ ចាហាន មូន ស្ថាបនិកសហព័ន្ធសន្តិភាពសកល សម្រាប់ថ្ងៃខួបកំណើតរបស់ លោកស្រី។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះលោកស្រីបណ្ឌិត និងគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានជ្រើសរើសសម្តេចជាជ័យលាភីពានរង្វាន់ សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២។ នេះបើតាមលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ដោយសម្តែងនូវការកោតសរសើរដោយស្មោះចំពោះភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងការរួមចំណែកក្នុងបុព្វហេតុដ៏ថ្លៃថ្លានៃមនុស្សជាតិ ជាពិសេសសន្តិភាពសកល និងការលើកកម្ពស់សិទ្ធិស្ត្រី របស់លោកស្រីបណ្ឌិត ហាក់ ចាហាន មូន, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយធ្វើការជាមួយលោកស្រី ក្នុងនាមជាសហម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពជាសាកល។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ និងគំនិតផ្តួចផ្តើមស្តីពី “រដ្ឋពីរ៖ ប្រជាជាតិមួយ" នឹងផ្តល់ជាជំហានថ្មីដល់ ការសម្រេចបាននូវសន្តិភាព និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ ដែលជាក្តីសង្ឃឹមរបស់ប្រជាជនកូរ៉េ និងពិភពលោកទាំងមូល»

សម្តេចបានបន្តថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីបណ្ឌិត និងគណៈកម្មាធិការពានរង្វាន់សន្តិភាពស៊ុនហាក់ ដែលបានជ្រើសរើសខ្ញុំជាជ័យលាភីពានរង្វាន់ សន្តិភាពស៊ុនហាក់ឆ្នាំ២០២២។ នេះជាកិត្តិយស និងជាកម្លាំងចិត្តសម្រាប់ខ្ញុំក្នុងការបន្តការប្តេជ្ញាចិត្ត និងការលះបង់របស់ខ្ញុំចំពោះសន្តិភាព និងការអភិវឌ្ឍមនុស្សសម្រាប់មិនត្រឹមតែប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ និងក្រៅតំបន់ផងដែរ»

ជាថ្មីម្ដងទៀត សម្តេចបានជូនពរលោកស្រីបណ្ឌិត ហាក់ ចាហាន មូន ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ ភារកិច្ចផងដែរ៕