(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយជាបញ្ហាប្រពៃណី ដែលពិបាកក្នុងការលំបាក បើទោះបីសកម្មភាពចែកចាយ កៃច្នៃ ជួញដូរ និងប្រើប្រាស់ត្រូវបានបង្ក្រាបជាបន្ដបន្ទាប់ក៏ដោយនោះ។
ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា បច្ចុប្បន្ននេះ ក្នុងចំណោមអ្នកជាប់ឃុំជិត៤ម៉ឺននាក់ មានជាង២ម៉ឺននាក់ ស្មើនឹង៥៤.៥២ភាគរយ ពាក់ព័ន្ធប ទល្មើសគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «រឿងសុខភាពសាធារណៈដែលពាក់ព័ន្ធគ្រឿងញៀនពិបាកណាស់ ព្រោះជាបញ្ហាប្រពៃណីដែលធ្លាប់មានហើយ ដែលយើងដឹងទាំងអស់គ្នា។ អញ្ចឹងទេចាំបាច់យើងត្រូវយកចិត្តទុកដាក់ បន្ដបង្ក្រាបបទល្មើសគ្រឿងញៀននេះតទៀត តាមគោលការណ៍ដែលមានស្រាប់»។
ក្រៅការងារបង្ក្រាបបទល្មើសគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែខិតខំដោះស្រាយបញ្ហាពីរផ្សេងទៀតផងដែរ ពាក់ព័ន្ធរឿងគ្រឿងញៀននេះ ដោយក្នុងនោះ ទី១៖ ភាពចង្អៀតណែនក្នុងពន្ធនាគារ ដែលភាគច្រើនជាអ្នកទោសគ្រឿងញៀន និងទី២៖ ការងារស្ដារនីតិសម្បទាចំពោះអ្នកញៀនគ្រឿងញៀន។ នេះបើតាមអ្វីដែលសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់។
បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង អ្នកដែលប្រើប្រាស់គ្រឿងញៀនមិនមានជាប់ទោសនោះទេ ដែលទាមទារការស្ដារនីតិសម្បទាឡើងវិញ ខុសពីអ្នកដែលប្រើប្រាស់ហើយជួញដូរ ដែលត្រូវតែជាប់ពន្ធនាគារ ដោយសារតែបទល្មើសជួញដូរគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា ស្ថាប័នជំនាញក៏កំពុងសិក្សារួមគ្នាដើម្បីស្វែងរកវិធីសាស្ដ្របន្សាបអ្នកញៀនគ្រឿងញៀន បន្ថែមពីលើអ្វីដែលកំពុងអនុវត្ត។ ប៉ុន្ដែសម្ដេចមើលឃើញថា ការបន្សាបគ្រឿងញៀន គ្មានអ្វីក្រៅពីការតម្រូវឲ្យពលកម្មនោះទេ ហើយនេះជាអ្វីដែលកំពុងសាកល្បងគិតដើម្បីប្រើប្រាស់។ តែការប្រើប្រាស់ថ្នាំបន្សាបផ្សេងៗ គឺបន្ដអនុវត្តដដែល។
ពាក់ព័ន្ធការងារស្ដារនីតិសម្បទានេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវឲ្យមានការចូលរួមគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ ពិសេសអង្គការក្រៅរាជរដ្ឋាភិបាលជាដើម លើអ្វីដែលគ្រាន់តែជាការជូនយោបល់ ហើយមិនបានចូលរួមជាក់ស្ដែងជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាសង្គម។
សូមរំលឹកថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ៦,២៤២ករណី ដោយឃាត់មនុស្សចំនួន ១៣,៧៦៥នាក់ (ស្រី៨០២នាក់) ក្នុងនោះមានជនបរទេស ៣៦២នាក់ (ស្រី៤៥នាក់ មាន១៣សញ្ជាតិ)។ នេះបើតាមរបាយការណ៍ របស់គណៈកម្មការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៤ ៤១៥ករណី ដោយឃាត់មនុស្ស ៨ ៥៤៩នាក់ (ស្រី ៥៧៣នាក់), ករណីប្រើប្រាស់ចំនួន ១ ៧៩២ករណី ដោយឃាត់មនុស្ស ៥ ២០៧នាក់ (ស្រី ២២៤នាក់) និងអនុវត្ដន៍ដីកា ៤៩០ដីកា ឃាត់មនុស្ស ៤៤៥នាក់ (ស្រី ១៨នាក់)។
សារធាតុញៀនគ្រប់ប្រភេទដែលសមត្ថកិច្ចរឹបអូសបានចំនួនជាង ៤ ៤៣៥គីឡូក្រាម និងកញ្ឆា ៥២ ២១៤ដើម, កញ្ឆាសួតជាង ១៤១គីឡូក្រាម, សម្ភារចាប់យកមាន រថយន្ដ ១២៤គ្រឿង, ម៉ូតូ ១ ៦៤៧គ្រឿង, ទូរស័ព្ទ ៥ ៨៥៣គ្រឿង, ជញ្ជីង ៣៣៦គ្រឿង, អាវុធខ្លី៤១ដើម, អាវុធវែង ៤២ដើម៕