(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ដំណើរការ នៃយន្តការទទួលមតិពីអ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធ ចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ហើយគ្របដណ្តប់ លើការចុះបញ្ជីជាកញ្ចប់ដែលរួមមាន ការចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីប្រកាស ជូនដំណឹងបើកសហគ្រាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងរយៈពេលប្រមាណ១ឆ្នាំ ៧ខែកន្លងទៅ, ចំនួនពាក្យស្នើសុំចុះបញ្ជី ដែលបានអនុម័តមានចំនួន ១១ ០៧៧ សំណើ។

ស្របតាមយន្តការគាំទ្រ និងសម្របសម្រួល សំដៅធ្វើឲ្យប្រសើរឡើងនូវបទពិសោធន៍ប្រើប្រាស់ និងពង្រឹងសេវាចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, មុខងារថ្មី «យន្តការទទួលមតិ» ត្រូវបានអភិវឌ្ឍឡើង និងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ។

មុខងារនេះ នឹងអនុញ្ញាតឲ្យធុរជន និងអ្នកប្រើប្រាស់ អាចបញ្ចេញនូវមតិស្ថាបនា ឬរាយការណ៍ស្តីពីបញ្ហាជាក់លាក់ លើករណីពាក្យស្នើសុំណាមួយ ។

សូមលោកអ្នកចូលទៅកាន់គេហទំព័រ WWW.registrationservices.gov.kh ដើម្បីប្រើប្រាស់យន្តការទទួលមតិ និងចូលទៅក្នុងថ្នាលចុះបញ្ជីដោយប្រើប្រាស់គណនី CamDigikey រួចចូលទៅកាន់ «ផ្តល់មតិ» ដើម្បីបំពេញទម្រង់នៃការផ្តល់មតិ។

រាល់មតិដែលទទួលបាន នឹងជាធាតុចូលដ៏សំខាន់ ក្នុងន័យអនុញ្ញាតឲ្យក្រុមការងារមានលទ្ធភាពក្នុងការគាំទ្រ កែសម្រួល និងបន្តការអភិវឌ្ឍប្រព័ន្ធចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឲ្យកាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព៕