(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្នើសុំចុះប្រាសាទកោះកេរ, នំបញ្ចុក និងក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

នេះបើតាមលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ។

លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ ប្រាសាទកោះកេរ, នំបញ្ចុក, និងក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ»

បើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក៏ត្រូវបានស្នើសុំចុះក្នុង បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ផងដែរ។

សូមជម្រាបថា ប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្តិ៍ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី ១៦X១៦ គីឡូម៉ែត្រ រួមមាន ៩៨ប្រាសាទ។ ប្រាសាទនេះ មាន ៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ។

នំបញ្ចុក មានឈ្មោះដើមហៅថា នំបុកប៉ែន គឺជានំដែលគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក រួចគេយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសសៃៗ រោយវា ទម្លាក់ទៅក្នុងទឹកក្ដៅពុះ ដើម្បីចម្អិនសសៃម្សៅឲ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នង ជាល កញ្ជ្រែង ឬ កញ្ជើល ដោយរៀបជាចង្វាយៗ ដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណ សមល្មមរបស់ពួកគេ។ នំបញ្ចុក ជាប្រភេទនំចំអែតក្រពះ ឬ ហៅថា អាហារសម្រន់ ដែលពលរដ្ឋកម្ពុជាពេញនិយមបរិភោគ ជាអាហារពេលព្រឹក ឬ ជាអាហារសម្រន់ សម្រាប់ពេលរសៀល។

ល្បុក្កតោ គឺជាក្បាច់គុនប្រយុទ្ធដូចសត្វតោ ការប្រើកម្លាំងវាយប្រយុទ្ធដូចសត្វតោ។ ល្បុក្កតោ ត្រូវបានចាត់ទុកជាមេក្បាច់គុន នៃសិល្បៈគុនខ្មែរ ដែលត្រូវបានគេជឿថា កើតឡើងក្នុងរាជពង្សាវតារខ្មែរ នៃរាជព្រះបាទ សូរ្យវរ្ម័នទី២ ជាស្ដេចខ្លាំងពូកែមួយអង្គដែលបានបង្កើត ច្បាប់កងទ័ព ដែលបែងចែកកងទ័ព ជាច្រើនក្រុម ទ័ពថ្មើជើង ទ័ពលំពែង ទ័ពសេះ ទ័ពដំរី និង ទ័ពព្រួញ ផ្សេងៗ... ទាំងនេះហើយ ដែលជាឬសគល់នៃការបង្កើតសម័យកាលចក្រភពអង្គរ ក្នុងការគ្របគ្រងរបស់ព្រះអង្គ៕