(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបនឹងជ្រើសតាំងប្រធានថ្មី បានដាក់ចេញគោលនយោបាយថ្មីចំនួន ៩ចំណុច ដើម្បីស្តារប្រជាប្រិយភាពរបស់បក្សឡើងវិញ។

ការដាក់ចេញទិសដៅនេះ បានធ្វើឡើងក្នុងឱកាសសមាជវិសាមញ្ញ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យធ្វើជាប្រធានគណបក្ស ។

គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ក៏បានប្រកាសដាក់ចេញនូវគោលនយោបាយថ្មីចំនួន ៩ចំណុចរួមមានដូចខាងក្រោម៖

ទី១៖ ប្តូរផ្តាច់ថែរក្សាការពារ និងលើកស្ទួយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១។

ទី២៖ ជំរុញឱ្យបង្កើតសមាជជាតិ ដោយថ្វាយព្រះមហាក្សត្រ គង់ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ និងគោរពតាមព្រះរាជបុព្វសិទ្ធិរបស់ព្រះមហាក្សត្រ ក្នុងការលើកលែងទោស។

ទី៣៖ ពង្រឹងប្រព័ន្ធតុលាការឯករាជ្យ អព្យាក្រឹត្យ ដើម្បីធានាដោះស្រាយរឿងក្តីជូន ប្រជារាស្ត្រដោយយុត្តិធម៌ត្រឹមត្រូវ។

ទី៤៖ ជំរុញ និងគាំទ្រឱ្យមានការអភិវឌ្ឍគ្រប់ផ្នែកសម្រាប់ផ្តល់ការងារជូនប្រជារាស្ត្រមានការងារធ្វើនៅគ្រប់ទីកន្លែង។

ទី៥៖ បង្កើតឥណទានសិក្សាដើម្បីឱ្យនិស្សិតអាចបន្តការសិក្សា និងសាងសង់អគារសម្រាប់ផ្តល់ការស្នាក់នៅឱ្យបានសមរម្យ។

ទី៦៖ ប្ដូរផ្ដាច់ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ លើវិស័យវិទ្យាសាស្ត្រសុខាភិបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ទី៧៖ ធានាបញ្ចុះតម្លៃទំនិញ និងប្រេងឥន្ធនៈគ្រប់ប្រភេទ បញ្ចុះតម្លៃប្រើប្រាស់អគ្គិសនី។ តម្លើងប្រាក់ឈ្នួលជូនកម្មករ និយោជិក និងតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យបានសមស្របតាមស្ថានភាពទីផ្សារ។

ទី៨៖ ធានារកទីផ្សារសម្រាប់លក់កសិផល និងធានាតម្លៃកសិផលតាមតម្លៃទីផ្សារសេរី និងទីផ្សារអន្តរជាតិ។

និងទី៩៖ បញ្ឈប់ការជួលដីសម្បទានសេដ្ឋកិច្ចតាមព្រំដែនឱ្យទៅបរទេស ពង្រីកផ្ទៃដី សម្បទានសង្គមកិច្ចទុកសម្រាប់បែងចែកជូនប្រជារាស្ត្រក្រីក្រ។ លុបបំបាត់ការរំលោភដណ្ដើមដីធ្លីរបស់ប្រជារាស្ត្រ និងការធ្វើអាជីវកម្មលើធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ ការរុករករ៉ែខុសច្បាប់ និងការនេសាទខុសបទដ្ឋានបច្ចេកទេស៕