(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា មានការថយចុះបើធៀបនឹងឆ្នាំកន្លងទៅ។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា បើទោះបីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែន ប៉ុន្ដែគោលដៅមួយចំនួនដូចជា នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម និងខេត្តព្រះសីហនុ នៅតែមានតួលេខគ្រោះថ្នាក់ខ្ពស់ដដែល។

ជាមួយនឹងក្ដីកង្វល់ដដែលនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានដាក់ចេញនូវទិសដៅការងារមួយចំនួន ដើម្បីស្ថាប័នពាក់ព័ន្ធរួមគ្នាអនុវត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖

*ទី១៖ អនុគណៈកម្មការទី១ ត្រូវយកចិត្តទុកដាក់ថែមទៀតបំពេញនូវកិច្ចការចាំបាច់ ដូចខាងក្រោម៖

* ត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាពឲ្យបានទូលំទូលាយដល់សហគមន៍ និងតាមខ្នងផ្ទះ នៅមូលដ្ឋានដែលមានគ្រោះថ្នាក់ច្រើន។ ជាមួយនេះ ត្រូវតាក់តែងខ្លឹមសារអប់រំស្តីពីបទដ្ឋាន នៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងផ្លូវឯកទិស ដើម្បីផ្សព្វផ្សាយឲ្យមានការរយល់ដឹងជ្រួតជ្រាបជាសាធារណៈ និងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវពីពេលនេះតទៅ សំដៅបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុក្នុងការប្រើប្រាស់ផ្លូវទាំងនេះ

* ត្រូវពង្រឹងបន្ថែមគុណភាពសាលាបង្រៀនបើកបរយានយន្ត ដោយត្រូវពិនិត្យកែទម្រង់ជាបន្ទាន់នូវកត្តាបីយ៉ាងគឺ ១៖ កែទម្រង់សមត្ថភាពគ្រូ, ២៖ កែទម្រង់ការសិក្សា (កម្មវិធីសិក្សា សម្ភារៈសិក្សា ទីកន្លែងហ្វឹកហាត់) និង៣៖ កែទម្រង់គុណភាព នៃការប្រឡងយកបណ្ណបើកបរ ក្នុងគោលដៅលើកកម្ពស់គុណភាពសមត្ថភាពអ្នកបើកបរគ្រប់រូប ឲ្យមានកម្រិតយល់ដឹងជ្រៅជ្រះទាំងទ្រឹស្តី និងការបើកបរ ក្លាយជាអ្នកបើកបរគោរពច្បាប់ និងមានសីលធម៌យោគយល់អាធ្យាស្រ័យខ្ពស់

* ត្រូវបន្តបំពាក់ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ឲ្យបានគ្រប់គ្រាន់ ដើម្បីធានាឲ្យការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព និងត្រូវបន្តគាំទ្រដល់ការបំពាក់កាមេរ៉ាអចល័តនៅតាមផ្លូវជាតិនានា តាមរយៈការបញ្ចូលគម្រោងបំពាក់នេះទៅក្នុងគម្រោងកសាង ឬជួសជុលផ្លូវ

* ចំពោះមុខ នៃការកំណើនយានយន្តជាបន្តបន្ទាប់ ត្រូវបន្តរិះរកវិធានការថ្មីៗក្នុងការបង្ការ និងទប់ស្កាត់ការកកស្ទះចរាចរណ៍ ដែលកំពុងតែកើតមានឡើងនៅតំបន់ខ្លះ ក្នុងរាជធានីភ្នំពេញ និងអាចមានឡើងនាពេលខាងមុខនៅតំបន់ផ្សេងទៀត

* ត្រូវបន្តធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ ទប់ស្កាត់ការដឹកជញ្ជូនលើសកម្រិតកំណត់ឲយកាន់តែមានប្រសិទ្ធភាពតម្លាភាព និងនិរន្តរភាព។

ទី២៖ អនុគណៈកម្មការទី២ ត្រូវបន្តដឹកនាំការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ដោយផ្សារភ្ជាប់ជាមួយវិធានការបច្ចេកទេស ដូចជា ការបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនអចល័ត កាមេរ៉ាត្រួតពិនិត្យករណីល្មើសសញ្ញាចរាចរណ៍ ជាដើម សំដៅបង្ការគ្រោះថ្នាក់ដូចជា ករណីល្មើសល្បឿន ស្រវឹង ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្ដាំ ការមិនពាក់មួកសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពមន្ត្រីនគរបាលចរាចរណ៍ឲ្យកាន់តែវិវឌ្ឍន៍រីកចម្រើនថែមទៀតនូវការយល់ដឹងអំពីច្បាប់ ជំនាញបច្ចេកទេសប្រតិបត្តិការ និងសីលធម៌វិជ្ជាជីវៈ។

ត្រៀមកម្លាំងល្បាតត្រួតពិនិត្យការអនុវត្តច្បាប់នៅតាមផ្លូវល្បឿនលឿន ការគ្រប់គ្រងកាមេរ៉ាត្រួតពិនិត្យល្បឿនអចល័ត ការដកពិន្ទុលើបណ្ណបើកបរ ទន្ទឹមនោះត្រូវខិតខំទប់ស្កាត់ការបើកបរយានយន្តស្ថិតក្រោមឥទ្ធិពល នៃគ្រឿងញៀន ជាមួយការស្នើកំណត់ ទោសយ៉ាងម៉ឺងម៉ាត់ក្នុងសំពើធ្វើវិសោធនកម្ម ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាពេលខាងមុខ។

ទី៣៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី ខេត្ត ត្រូវបន្តជំរុញអនុវត្តកិច្ចការសំខាន់ៗ ដូចខាងក្រោម៖

* បន្តធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូចនេះ ត្រូវមានវិធានការច្បាស់លាស់ ដោយផ្តោតលើមូលហេតុ មុខសញ្ញា គោលដៅ និងពេលវេលា ដែលបានកើតឡើងនូវគ្រោះថ្នាក់ ឬអំពើល្មើសច្បាប់។ ផ្អែកតាមទិន្នន័យ គ្រោះថ្នាក់បានបង្ហាញថា ការបង្កគ្រោះថ្នាក់ដោយអ្នកបើកបរម៉ូតូមាន ចំនួន៤៧% អ្នកបើកបររថយន្តធុនស្រាលមាន ចំនួន២៤% អ្នកបើកបររថយន្តធុនធ្ងន់មាន ចំនួន១៧% ហើយគ្រោះថ្នាក់កើតឡើងនៅពេលយប់មាន ចំនួន៥៦%

* ត្រូវជំរុញការបំពាក់បរិក្ខាសុវត្ថិភាពលើផ្លូវថ្នល់រួមមាន ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍នៅតាមផ្លូវថ្នល់ ដែលរដ្ឋបាលរាជធានី ខេត្តទទួលខុសត្រូវ។ ដោយឡែក នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវបន្តសហការបំពាក់កាមេរ៉ាតាមដងផ្លូវ តាមគម្រោងរបស់រាជរដ្ឋាភិបាល និងត្រូវចាត់តាំងគ្រប់គ្រង ប្រើប្រាស់ និងថែទាំឲ្យស្របតាមនិយាមបច្ចេកទេស

* ត្រូវធ្វើការរឹតបន្ដឹងយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ជូនដី គ្រួស ខ្សាច់ ត្រូវគ្របឲ្យបានជិត ហើយត្រូវសម្អាតផ្លូវថ្នល់ជាប្រចាំ និងត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរឹងចំពោះការបំពាន

* ត្រូវបន្តធ្វើការគ្រប់គ្រងយានដ្ឋានកែច្នៃ តម្លើងយានយន្ត អំពីលិខិតស្នាមដែលច្បាប់បានកំណត់ និងធានាការកែច្នៃតម្លើងយានយន្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស

* ត្រូវធ្វើការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មត់ ដោយទប់ស្កាត់ការសាងសង់ ឬប្រើប្រាស់ខុសច្បាប់ ប៉ះពាល់ដល់សុវត្ថិភាពចរាចរណ៍ និងការកសាងពង្រីក បន្ថែមហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ទី៤៖ គ្រប់យន្តការចំណុះ គ.ស.ច.គ ត្រូវចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយចាត់អនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានសុខាភិបាល «បីការពារ បីកុំ» ព្រមទាំងជំរុញការត្រួតពិនិត្យការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងការធ្វើតេស្តជាប្រចាំ។

សម្ដេចក្រឡាហោម ស ខេង បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវ ពីគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២២ ក៏ដូចជាការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែប្រសើរឡើងជាលំដាប់៕