(កំពង់ធំ)៖ លោក គិត សេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ បានជំរុញប្រជាកសិករត្រូវផលិតគ្រាប់ពូជ ឲ្យមានគុណភាពល្អនិងប្រសិទ្ធភាពខ្ពស់។

លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យគុណភាព និងទម្រង់ការនៃវិញ្ញាបនកម្មគ្រាប់ពូជស្រូវ» ដែលរៀបចំឡើងដោយអង្គភាពអនុវត្តន៍គម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករបស់ក្រសួងកសិកម្ម (MAFF-NIO for Rice SDP) នៅមន្ទីរកសិកម្មខេត្តកំពង់ធំថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

កម្មវិធីនេះមានការចូលរួមពីលោក ឈរ បៀនគង់ អនុប្រធានមន្ទីរកសិក្ម ទីប្រឹក្សាក្រសួង និងប្រជាពលរដ្ឋជាសហគមន៍នៅក្នុងខេត្តកំពង់ធំជាង៣០នាក់ផងដែរ។

លោកបន្តថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៤យ៉ាងរួមមាន៖

*ទី១៖ ផ្តល់ចំណេះដឹងអំពីដំណាក់កាល នៃដំណើរការផលិតកម្មគ្រាប់ពូជស្រូវ ដើម្បីទទួលបានវិញ្ញាបនបត្រ
*ទី២៖ គោលការគ្រឹះនៃប្រព័ន្ធផលិតកម្មគ្រាប់ពូជស្រូវ
*ទី៣៖ ការប្រើប្រាស់ឧបករណ៍សម្រាប់ចុះធ្វើអធិការកិច្ចទីវាល
*ទី៤៖ ការធ្វើតេស្តគុណភាពគ្រាប់ពូជស្រូវ ហើយវគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នារៀន និងអនុវត្តន៍ដើម្បីទទួលបានបានចំណេះដឹងអំពីការងារបច្ចេកទេសបន្ថែម តាមរយៈការបង្រៀនរបស់ក្រុមការងារនាយកដ្ឋានពូជដំណាំ។

លោកបន្តទៀតថា វិស័យកសិកម្ម គឺជាវិស័យនាំមុខដែលផ្តល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងចូលរួមចំណែកវិភាគទានយ៉ាងសំខាន់ ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នូវកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអាទិភាពទៅលើវិស័យកសិកម្ម តាមរយៈការជំរុញអនុវត្តន៍កម្មវិធីការបង្កើនផលិតភាពពិពិធភាវូបនីយកម្ម និងពាណិជ្ជកម្មកសិកម្មជាមួយ នឹងរបត់ថ្មី ដើម្បីឈានឆ្ពោះទៅរកការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ លោកបានជំរុញប្រជាកសិករ ត្រូវបង្កើនសមត្ថភាពជំនាញទាំងអស់ ដើម្បីទទួលបាននូវគ្រាប់ពូជស្រូវដែលមានគុណភាពល្អ ស្របទៅតាមស្តង់ដារជាតិដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនផលិតភាពនាំចេញស្រូវអង្ករ ទៅកាន់ទីផ្សារអន្តរជាតិដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកម្ពុជា។

ចុងក្រោយលោក គិត សេង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកសាក់ស្តាប់គ្រូឧទ្ទេសដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធសម្រាប់ដំណើរការផលិតកម្មគ្រាប់ពូជស្រូវដើម្បីទទួលបានវិញ្ញាបនបត្រ ការចុះត្រួតពិនិត្យគុណភាពនៅទីវាល ការប្រើបា្រស់ឧបករណ៍សម្រាប់វិភាគគុណភាពគ្រាប់ពូជស្រូវនៅមន្ទីរពិសោធន៍ និងយល់ដឹងពីគោលការណ៍គ្រឹៈនៃចំណាត់ថ្នាក់គ្រាប់ពូជស្រូវតាមស្តង់ដារជាតិ៕