(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រគល់ផ្ទះចំនួន១៥ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្តេចតែងបានយកចិត្តទុកដាក់ គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជាគ្រប់ៗរូប។

ទេសរដ្ឋមន្ត្រី ក៏បានថ្លែងជម្រាបជូនបងប្អូនអតីតយុទ្ធជនកម្ពុជាយើង ពីការកែទម្រង់សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីឱ្យមានការដឹនាំច្បាស់លាស់ និងផ្តល់ភាពកក់ក្តៅដល់បងប្អូនជាអតីតយុទ្ធជន។

លោកថាមកដល់ថ្ងៃនេះ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានដំណើរការដោយរលូន ពិសេសបានសម្រួលនូវបេឡាសង្គ្រោះគោលការណ៍ផ្តល់ផ្ទះសម្រាប់បងប្អូនអតីតយុទ្ធជន ផ្តល់ដីកសិកម្ម និងបង្កើតមជ្ឈមណ្ឌលពិការចំនួន៣កន្លែង សម្រាប់ដោះស្រាយជូនចំពោះបងប្អូនជាជនពិការ ក៏ដូចជាផ្តល់ប្រាក់ខែបានទៀងទាត់ផងដែរ។

ដោយឡែក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធកម្ពុជា ខេត្ត បានឱ្យដឹងថា អតីតយុទ្ធជនកម្ពុជាខេត្តមានចំនួន២០២៤នាក់ សមាជិកសមាគមអតីតយុទ្ធខេត្តមានចំនួន១៨៧៩នាក់។

លោកបន្តថា ចាប់តាំងពីឆ្នាំ២០១៧ ដល់ដើមឆ្នាំ២០២២ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន បានចំនួន៩៣ខ្នងផ្ទះ ដោយក្នុងផ្ទះ១ខ្នង ចំណាយថវិកាអស់១០,៥០០,០០០រៀល។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានលើកឡើងថា សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដំណើរការទៅបានអាស្រ័យដោយមានគោលការណ៍ដឹកនាំ ចង្អុលបង្ហាញដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងការចង្អុលបង្ហាញដោយផ្ទាល់ពីលោកប្រធានកិត្តិយស សមាគមអតីតយុទ្ធកម្ពុជាខេត្តទាំងស្មាតី និងសម្ភារ ហើយលោកក៏បានសំដែងនូវការអរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ ក្នុងគណៈកម្មាធិការសមាគមអតីតយុទ្ធកម្ពុជាខេត្ត ជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ក្រៅពីប្រគល់ផ្ទះចំនួន១៥ខ្នង ជូនបងប្អូនអតីតយុទ្ធជន១៥គ្រួសារ ក្រុមការងារក៏បានប្រគល់នូវធុងទឹក១ បោយទឹក១ ឆ្នាំងដាំបាយ១ វែកបាយ១ វែកសម្ល១ ចាយបាយ១ឡូ ចានសម្លកន្លះឡូ ស្លាបព្រា១ឡូ កាំបិតបុ័ងតោ១ កន្ទេលមួយ មុង១។ ចំណែកបងប្អូនអតីតយុទ្ធជនចំនួន៥០នាក់ ដែលបានចូលរួមក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ផងដែរ៕