(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ បានជំរុញឲ្យធ្វើការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ជួនដី គ្រួស ខ្សាច់ ត្រូវគ្របឲ្យបានជិត និងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះការបំពាន។

ថ្លែងប្រាប់ទៅអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី-ខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឲ្យសម្អាតផ្លូវថ្នល់ជាប្រចាំផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវធ្វើការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ចំពោះអាជីវកម្មដឹកជញ្ជួនដី គ្រួស ខ្សាច់ ត្រូវគ្របឲ្យបានជិត ហើយត្រូវសម្អាតផ្លូវថ្នល់ជាប្រចាំ និងត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះការបំពាន»

សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា ផ្អែកតាមបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួងស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២២ ក៏ដូចជារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែប្រសើរឡើងជាលំដាប់៕