(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំឲ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្ថាប័នពាក់ព័ន្ធបន្ដពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្ដធុនធំ សម្ដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ដការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ នៅតែបន្ដរកឃើញអ្នកបើកបររថយន្ដធុនធំមួយចំនួនមានសារធាតុញៀន ដូច្នេះការងារត្រួតពិនិត្យសារធាតុញៀននេះ ត្រូវតែបន្ដអនុវត្តបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «អ្នកបើករថយន្ដធុនធំ សូមឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការបន្ដដើម្បីធ្វើរឿងនេះ ឆែកមើលបន្ដទៀតភាគច្រើនគ្រឿងញៀនតែម្ដង។ ខ្ញុំថាមិនតិចទេ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលនេះជាបញ្ហាខ្ញុំស្នើឲ្យមានការយកចិត្តទុកដាក់»

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឲ្យម្ចាស់ក្រុមហ៊ុនឯកជន ដែលរកស៉ីដឹកជញ្ជូន ត្រូវសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំចូលរួមពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្ដធុនធំទាំងអស់ សំដៅលុបបំបាត់អ្នកបើកបរដែលមានសារធាតុញៀន។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងឆ្នាំ២០២១ កន្លងទៅ សមត្ថកិច្ចជំនាញបានធ្វើតេស្ដរកសារជាតិញៀនលើអ្នកបើកបរ និងព្រូឡានចំនួន ៥៨៧នាក់ មានផ្ទុកសារជាតិញៀនចំនួន ៦៧នាក់ (អ្នកបើកបរ៤៤នាក់)។

គួរជម្រាបថា កាលពីពេលកន្លងទៅនេះ បញ្ហាត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបរនេះ ក៏ត្រូវបានកម្លាំងនគរបាលជំនាញសហការគ្នាដើម្បីអនុវត្តជាប្រចាំ ហើយក៏មានរកឃើញអ្នកបើកបរនោះ មានពាក់ព័ន្ធនឹងគ្រឿងញៀនជាបន្ដបន្ទាប់ ព្រមទាំងបញ្ជូនទៅកន្លែងបន្សាបផងដែរ។ ការអនុវត្តនូវយន្ដការនេះ ធ្វើយ៉ាងណាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គម៕