(សៀមរាប)៖ ជនបរទេសម្នាក់ តាមរយៈគណនេយ្យហ្វេសប៊ុក ឈ្មោះ Andrew Kobeszko បានសម្ដែងការហួសចិត្ត និងរិះគន់ចំពោះម្ចាស់យានយន្តមួយចំនួន យកយានយន្តចតលើចិញ្ចើម ឬចតលើផ្លូវសម្រាប់ជិះកង់ក្នុងក្រុងសៀមរាប ដែលអាជ្ញាធរទើបស្ថាបនារួច។

អមជាមួយរូបភាព១១សន្លឹក ជនបរទេសឈ្មោះ Andrew Kobeszko បានសរសេរថា ផ្លូវកង់ក្នុងក្រុងសៀមរាប កំពុងមានការពេញនិយមសម្រាប់អ្នកចូលចិត្តកីឡាជិះកង់ ក្នុងនោះមានរូបលោកផងដែរ។ ទន្ទឹមនឹងនោះ លោកសង្កេតឃើញថា ការស្ថាបនាផ្លូវកង់នេះ មិនជាផ្ដល់ផលអត្ថប្រយោជន៍ប៉ុន្មានទេដល់អ្នកជិះកង់ ដោយអ្នកខ្លះជ្រើសរើសយកផ្លូវកៅស៊ូធម្មតាសម្រាប់ជិះវិញ ព្រោះថាផ្លូវកង់ដែលមានលាបពណ៌បៃតងជាសម្គាល់នោះ ត្រូវបានបិទដោយរថយន្តចតបាំង ហើយកន្លែងខ្លះកោង និងខ្ពស់ខ្លាំង ពិសេសក្នុងការជិះកង់។

ជនបរទេសរូបនេះ បានចោទសួរសំណួរទៅអាជ្ញាធរថា តើបានមើលពីបញ្ហានេះដែរទេ ខណៈរាជរដ្ឋាភិបាលចំណាយថវិកាជាច្រើនដើម្បីស្ថាបនាផ្លូវកង់នេះ។

លោក ហាយ យ៉ុង ប្រធានការិយាល័យសាធារណការ អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៃរដ្ឋបាលក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News ថា ស្ថានភាពផ្លូវក្នុងក្រុងសៀមរាប មានទំហំផ្សេងៗគ្នា និងចំណតដោយកន្លែង ការរៀបចំគំនូស ដាក់ស្លាកចរាចរណ៍កំពុងអនុវត្តន៍ ហើយការរៀបចំសណ្ដាប់ធ្នាប់កន្លងមកបានធ្វើហើយ តែនៅមានចន្លោះប្រហោង ដោយសារប្រជាពលរដ្ឋមិនទាន់ចូល ពិសេសមិនទាន់មានវិធានការក្ដៅដូចនៅខេត្តព្រះសីហនុទេ។

លោកប្រាប់ទៀតថា គណៈបញ្ជាការឯកភាពក្រុង នឹងលើកករណីនេះ នៅក្នុងកិច្ចប្រជុំនៅពាក់កណ្ដាលខែកុម្ភៈនេះ និងឈានដល់ការអនុវត្តន៍វិធានការផាកពិន័យឆាប់ៗនេះផងដែរ។ លោក ហាយ យ៉ុង បន្ថែមទៀតថា កន្លងមករដ្ឋបាលក្រុង បានចុះអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋច្រើនដងហើយដែរ។ លោករំពឹងថា ក្រោយបញ្ចប់នីតិវិធីរៀបចំ នឹងចុះផាកពិន័យរាល់អ្នកដែលលក់ដូរ និងចតយានជំនិះលើចំណីផ្លូវ រួមនិងផ្លូវកង់ផងដែរ៕