(ភ្នំពេញ)៖ មជ្ឈមណ្ឌលពុទ្ធសាស្ត្រអប់រំប្រចាំមីយ៉ាន់ម៉ា និងហូឡង់ បានផ្ញើលិខិតមួយ អបអសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែល សម្តេចតេជោ ទទួលបានពានរង្វាន់សន្តិភាពស៊ុនហ៊ាក់ ឆ្នាំ២០២២។

តាមរយៈសារលិខិតផ្ញើជូនសម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកបណ្ឌិត Sobhita ប្រធានមជ្ឈមណ្ឌលពុទ្ធសាស្ត្រអប់រំប្រចាំមីយ៉ាន់ម៉ា និងហូឡង់ បានសម្តែងនូវការអបអរសារទរយ៉ាងស្មោះស្ម័គ្រជូនចំពោះ សម្តេចតេជោនាយករដ្ឋ មន្រ្តី ក្នុងឱកាសដែលសម្តេចតេជោ ទទួលបានពានរង្វាន់សន្តិភាពស៊ុនហ៊ាក់ ឆ្នាំ២០២២ ដែលផ្តល់ជូនដោយ សហព័ន្ធសន្តិភាពសកលនៅប្រទេសកូរ៉េខាងត្បូង។

លោកចាត់ទុកថា សម្តេចតេជោនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោពិតជាសាកសមនឹង ទទួលបានពានរង្វាន់សន្តិភាពនេះ ដោយសម្ដេចតេជោបានខិតខំប្រឹងប្រែងយ៉ាងមុតមាំ នៅក្នុងដំណើរការកសាង សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោកបានបន្តថា៖ «ខ្ញុំបាទសូមគោរពជូនពរ សម្តេចតេជោឱ្យទទួលបានជោគជ័យពេញលេញក្នុងកិច្ចការបង្រួបបង្រួមជាតិ និង ការកសាងសន្តិភាព ដើម្បីសម្រេចបាននូវសន្តិភាពពិភពលោក។ សូមគោរពជូនពរ សម្តេចតេជោ មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម ជាបន្តបន្ទាប់របស់ សម្តេចតេជោ»