(សៀមរាប)៖ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងខេត្តសៀមរាប ចំនួន ១៨រូប បានស្ម័គ្រចិត្តចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានភ្ញាក់រលឹក និងយល់យ៉ាងច្បាស់ពីគុណវុឌ្ឍ ស្នាដៃ និងសមិទ្ធផលដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិមាតុភូមិ និងប្រជាជន។

អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប ដែលបានចុះចូលនេះរួមមាន៖ លោក សៅ យ៉ូអេង អតីតក្រុមប្រឹក្សាខេត្ត ប្រធានហិរញ្ញឹកខេត្តសៀមរាប និងជាប្រធានក្រុមការងារស្រុកពួក, លោក រស់ សំណាង អតីតក្រុមប្រឹក្សាសង្កាត់គោកចក, លោក ទេព ចិន អតីតក្រុមប្រឹក្សាសង្កាត់គោកចក, លោកស្រី ចាន់ សុម៉ាលី អតីតចៅសង្កាត់ទី១ សង្កាត់គោកចក ក្រៅពីនោះជាអតីតសមាជិក សមាជិកា ដែលសុទ្ធសឹងជាសកម្មជនដ៏សកម្មរបស់អតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប។

ពិធីបញ្ចូល និងទទួលស្គាល់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលជាអតីតថ្នាក់ដឹកនាំ សមាជិក សមាជិកាអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។ ក្នុងពិធីនោះក៏មានការចូលរួមពីលោក យូ សិរីវុឌ្ឍ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក ទៀ សីហា ក៏ដូចជាលោក យូ សិរីវុឌ្ឍ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅសមាជិក សមាជិកាថ្មី ហើយបានចាត់ទុកការចូលរួមជីវភាពនយោបាយរបស់អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តសៀមរាប គឺជាការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ដើម្បីរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រធាន កសាង និងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន ព្រមទាំងនាំមកនូវសុខដុមភាព វិបុលភាព និងកិត្យានុភាពសម្រាប់ជាតិ និងប្រជាជន។

លោក សៅ យូអេង អតីតសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប, ប្រធានហិរញ្ញឹក និងជាប្រធានក្រុមការងារស្រុកពួកមកពីអតីតគណបក្សសង្គ្រោះជាតិ តំណាងឱ្យសមាជិក សមាជិកាដទៃទៀត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យលោក និងអតីតសមាជិកក្រុមប្រឹក្សាឃុំ សកម្មជន យុវជនខេត្តសៀមរាប បានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក សៅ យូអេង បានគូសរំលេចថា មានហេតុផលពីរដែលនាំឱ្យរូបលោក និងសមាជិក សមាជិកាដទៃទៀតស្ម័គ្ររួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ហេតុផលទាំងពីរនោះ ទី១ គឺការមើលឃើញនូវស្នាដៃដឹកនាំ ឆន្ទៈមនសិការ និងសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាបានកសាងសម្រាប់ជាតិមាតុភូមិ, ហេតុផលទី២ គឺការឆ្អែតឆ្អន់ នឿយណាយចំពោះភាពពិសពុល ល្បិចកិច្ចកល និងមនោគមន៍នយោបាយដ៏គ្រោះថ្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ។

អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ បានគូសបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺកើតចេញពីទឹកចិត្តរបស់ពួកខ្ញុំ។ ពួកខ្ញុំបានភ្ញាក់រលឹក និងបានមើលឃើញយ៉ាងច្បាស់ពីគុណសម្បត្តិ ស្នាដៃ និងកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនឱ្យរួចផុតពីភាពវេទនានៃភ្លើងសង្គ្រាម ហើយបានប្រឹងប្រែងកសាងសង្គមកម្ពុជាឱ្យរីកចម្រើន ប្រជាជនមានជីវភាពកាន់តែប្រសើរ ការរស់នៅកាន់តែសុខសុភមង្គល»

លោក សៅ យូអេង និងក្រុមការងាររបស់លោក បានសន្យាថា នឹងខិតខំបំពេញការងារដោយស្មោះត្រង់ និងកៀរគរ អូសទាញ អតីតសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ វិលត្រលប់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

លោក សៅ យូអេង ក៏បានកោតសរសើរចំពោះទឹកចិត្តដ៏ទូលាយ និងពោរពេញដោយក្តីសណ្តោស ទទួលស្វាគមន៍រាល់អតីតគណបក្សសង្គ្រោះជាតិ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព។ លោក សៅ យូអេង និងសមាជិក សមាជិកថ្មី បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតផងដែរ។ ពួកគេជឿជាក់ថា ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តរក្សាស្នាដៃ និងសមិទ្ធផលទាំងឡាយរបស់សម្តេចតេជោ ហើយនាំមកនូវសមិទ្ធជាច្រើនទៀតសម្រាប់ជាតិកម្ពុជា ជាពិសេសរក្សាបាននូវសុខសន្តិភាព ដែលជាបុព្វលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជន និងភាពចម្រើនរបស់ជាតិ៕