(កំពត)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានតាមប្រមាញ់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) និងបទរំលោភសេពសន្ថវៈជនរងគ្រោះអាយុ១៧ឆ្នាំ។

ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក លក ញ៉ាវ បានបញ្ជាក់នៅថ្ងៃទី៩ ខែកុម្ភៈថា ជនសង្ស័យមានឈ្មោះ អ៊ឹង កប អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។

ជនសង្ស័យជាប់ពាក់ព័ន្ធលើករណី «លួចមានស្ថានទម្ងន់ទោស ធ្វើសកម្មភាពគាស់ទម្លុះទម្លាយ និងបទរំលោភសេពសន្ថវៈលើជនរងគ្រោះជាអនីតិជន អាយុ១៧ឆ្នាំ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១»។

លោក លក ញ៉ាវ បន្តថា ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកចៅក្រមស៊ើបសួរ លាង សំណាត់ នៃសាលាដំបូងខេត្តកំពត ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានេះ កម្លាំងនគរបាល ក៏បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដោយជោគជ័យនេះ ដោយផ្អែកតាមការណែនាំនិតិវិធីរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដោយមានការសហការគ្នាជាមួយកម្លាំង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។

បច្ចុប្បន្នជនសង្ស័យខាងលើ បាននិងកំពុងអនុវត្តតាមនីតិវិធីច្បាប់៕