(ពោធិ៍សាត់)៖ ដើម្បីចូលរួមជាមួយទិវាជាតិ យល់ដឹងពីមីន ២៤ កុម្ភៈ កាកបាទក្រហមកម្ពុជា តែងតែបានធ្វើសកម្មភាព អប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើង ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ២០០១ ក្នុងខេត្តគោលដៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានដូចជា៖ ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារជាដើម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុមការងារថ្នាក់ជាតិនៃកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា រួមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បានបន្តចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាមជូនដល់ប្រជាពលរដ្ឋនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះលោក យូ ឡាណា ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកតា លោកយាយ ប្រជាពលរដ្ឋដោយក្តីនឹករលឹកក្រៃលែង។

លោក យូ ឡាណា បានឱ្យដឹងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» កាកបាទក្រហមកម្ពុជា បានដាក់បញ្ចូល ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅក្នុងផែនការយុទ្ធសាស្ត្រ២០២១-២០៣០ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះ ក្នុងការងារផ្សេងៗរបស់សាខាទាំង២៥រាជធានីខេត្ត។

ក្រៅពីការអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះ របួស ពិការ និងគ្រួសារសពដោយសារមីន ព្រមទាំងផ្តល់ជំនួយសង្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះ នៅតាមបណ្តាសហគមន៍ ឬនៅតាមមន្ទីរពេទ្យដោយផ្ទាល់ ដោយបានទទួលនូវសេវាថែទាំសុខភាព ផ្លូវកាយ- ផ្លូវចិត្ត ព្រមទាំងសម្របសម្រួល ដើម្បីទទួលបានសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា។

ក្នុងឱកាសនោះ លោកក៏លើកឡើងពីការងារប្រាក់កម្ចីខ្នាតតូចពុំមានការប្រាក់ ដែលកាកបាទក្រហមកម្ពុជា បានប្រើប្រាស់ថវិកាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, គណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) និងកាកបាទក្រហមកូរ៉េ ក្នុងការជួយគាំទ្រជនងាយរងគ្រោះ និងរងគ្រោះក្នុងសហគមន៍ ដូចជា៖ គ្រួសាររងគ្រោះ ដោយសារមីន គ្រួសាររងគ្រោះដោយទឹកជំនន់ គ្រួសារយោធិនពិការ គ្រួសារអតីតយុទ្ធជន និងគ្រួសារយុទ្ធជន ដើម្បីប្រកបរបរកសិកម្ម ឬធ្វើអាជីវកម្មខ្នាតតូចផ្សេងៗ ក្នុងការរកប្រាក់ ចំណូល កែលម្អជីវភាពរស់នៅ។

ការផ្តល់ប្រាក់កម្ចីខ្នាតតូចពុំមានការប្រាក់នេះ គឺមានពីរគម្រោង គឺប្រាក់កម្ចីរបស់គម្រោងសុវត្ថិភាពសហគមន៍ឧបត្ថម្ភដោយកាកបាទក្រហមប្រទេសផ្សេងៗ និងប្រាក់កម្ចី មួយផ្នែកទៀត ឧបត្ថម្ភដោយអង្គការវើលម៉ែត បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៥ ដល់ដំណាច់ឆ្នាំ២០២១នេះ បានផ្ដល់ប្រាក់កម្ចីគ្មានការប្រាក់សរុប ៧,៤៥៥គ្រួសារ ក្នុងនោះគ្រួសារអតីតយុទ្ធជនពិការ ២,៨០៥ គ្រួសាររស់នៅខេត្តកណ្ដាល ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។

ជាក់ស្តែងក្នុងឆ្នាំ ២០២១កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីចំនួន ២២៧គ្រួសារ នៅខេត្តចំនួន៣ គឺខេត្តពោធិ៍សាត់ ឧត្តរមានជ័យ និងព្រះវិហារ។

ក្រៅពីការងារអប់រំមីន និងផ្តល់ប្រាកម្ចីគ្មានការប្រាក់ កម្មវិធីសុវត្ថិភាពសហគមន៍របស់កាកបាទក្រហម បានផ្តល់ការអប់រំលើកកំពស់ សុខភា ពអនាម័យទឹកស្អាត នៅខេត្ត បន្ទាយ មានជ័យ ផ្តល់បង្គន់អនាម័យចំនួន ៤២២បង្គន់ ស្តារស្រះទឹកចំនួន ៣ សាងសង់បង្គន់អនាម័យតាមសាលារៀន ចំនួន៤ ស្ថាបនាអណ្តូងស្នប់ ចំនួន១០ ស្ថាបនាស៊ីទែនទឹក ចំណុះ៣០០០លីត្រ តាមសាលារៀនចំនួន ២ និងស្ថានីយ៍លាងសម្អាតដៃតាមសាលារៀនចំនួន៤។

លោក យូ ឡាណា ក៏បានអំពាវនាវដល់គណៈកម្មាធិការសាខាកាកបាទក្រហមទាំង ២៥រាជធានី-ខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បន្តយកចិត្តទុកដាក់ ដោយបញ្ជ្រាបសកម្មភាពផ្សព្វផ្សាយពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងការងារផ្សេងៗរបស់សាខា ហើយចំពោះប្រជាពលរដ្ឋ ក៏ដូចជាកុមារា កុមារី សូមចូលរួមចំណែកតាមពាក្យស្លោកដូចខាងក្រោម៖ អរគុណសន្តិភាព! អរគុណសម្តេចតេជោ! ពេលឃើញមីន ឬវត្ថុដែលសង្ស័យថា ជាមីន ឬគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ឬប្រតិបត្តិករបោសសម្អាតមីន។

នាឱកាសនោះលោក យូ ឡាណា ក៏បាននាំយកអំណោយកាកបាទក្រហម មានជាជែល លាងដៃ និងថវិកាមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋ ជាង៦០គ្រួសារ រួមទាំងនាំយក ជែលលាងដៃចំនួន ១៥កេស ជូនដល់មណ្ឌលសុខភាពថ្មដា ផងដែរ៕