(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តឧបត្ថម្ភអំពូល «សូឡា» មួយចំនួនទៀត ដល់លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ដើម្បីបំពាក់បំភ្លឺតាមបណ្ដាផ្លូវ សាធារណៈបន្ថែមទៀត ក្នុងមូលដ្ឋាន សម្រាប់បម្រើជូនប្រជាពលរដ្ឋ។

សូមជម្រាបថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ក្រោមការយកចិត្តទុកដាក់របស់លោក ឯក ឃុនដឿន បានឧបត្ថម្ភអំពូលភ្លើង SOLA ចំនួន៣០ផ្ទាំងផងដែរ ជូនលោកស្រី រាជ ផាវឿន ដើម្បីបំពាក់ពង្រាយជាបណ្ដើៗ ក្នុងការបំភ្លឺឡើងវិញ នៅតាមផ្លូវតូច-ធំមួយចំនួន ដែលមានសភាពងងិត សម្រាប់បម្រើជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រសង្កាត់ ក្រៅពីបានបំពាក់បំភ្លឺផ្លូវជាបណ្ដើៗរួចហើយ នៅតាមរបង និងផ្លូវប្របមាត់ប្រឡាយ ក្នុងការលើកកម្ពស់សោភ័ណ្ឌភាពឡើងវិញ នៅវត្តកោះមេត្តាពោធិវង្ស ក្នុងសង្កាត់ទួលសង្កែទី២។

ក្នុងសកម្មភាពនេះ លោក ឯក ឃុនដឿន នៅតែមានមហិច្ចតាក្នុងការបន្តបំពាក់ពង្រាយអំពូលភ្លើងសូឡាបន្ថែមទៀត នៅតាមបណ្ដាផ្លូវតូច-ធំ និងតាមបណ្ដាភូមិនានា ក្នុងសង្កាត់ទាំងអស់ចំនួន៧ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុង និងសំដៅរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដោយធានាសុខសុវត្ថិភាព សម្រាប់បម្រើជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានការឧបត្ថម្ភគាំទ្រ ពីសប្បុរសជននានា៕