(ក្រចេះ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បន្ថែមពីទីតាំងដែលកំពុងតែដំណើរការចាក់ជាអចិន្ដ្រៃយ៍។

ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង នៅខេត្តក្រចេះ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា ការរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនេះ គឺដើម្បីរុញវ៉ាក់សាំងដែលមាននៅក្នុងដៃឲ្យដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង ពិសេសសម្រាប់អ្នកដែលលំបាកក្នុងការធ្វើដំណើរមកទីតាំងចាក់។

បើតាមលោកស្រី ឱ វណ្ណឌីន ដើម្បីដំណើរការនេះប្រព្រឹត្តទៅរលូន និងមានភាពច្បាស់លាស់នោះ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំធ្វើជំនឿលើប្រជាពលរដ្ឋពាក់ព័ន្ធការងារចាក់វ៉ាក់សាំង ពិសេសដើម្បីដឹងច្បាស់ថា ពួកគាត់ចាក់វ៉ាក់សាំងបានប៉ុន្មានដូសហើយ និងដល់វេលាកំណត់ដើម្បីចាក់ដូសជំរុញហើយឬនៅ។ ដូច្នេះក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នារកចំនួនអ្នកដែលមិនទាន់បានចាក់ដូសជំរុញ រួចកំណត់ថ្ងៃដើម្បីរៀបចំក្រុមគ្រូពេទ្យចុះទៅចាក់ជូនពួកគាត់។

លោកស្រីប្រធានគណៈកម្មការចំពោះកិច្ច បានកត់សម្គាល់ថា កាលពីអំឡុងពេលជំងឺកូវីដរីករាលដាល ប្រជាពលរដ្ឋនាំគ្នារត់រកចាក់វ៉ាក់សាំង ប៉ុន្ដែពេលនេះដោយសារការគ្រប់គ្រងបានល្អពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពួកគាត់ប្រហែលជាភ្លេចអំពីការរស់នៅតាមបែបប្រក្រតីភាពថ្មី និងភ្លេចនូវការចាក់វ៉ាក់សាំងដូសជំរុញ។ លោកស្រីថា ប្រជាពលរដ្ឋមួយចំនួនយល់ច្រឡំថា ខ្លួនបានចាក់វ៉ាក់សាំងរួចហើយ ប៉ុន្ដែមិនដឹងថា ត្រូវចាក់ប៉ុន្មានដង ហើយត្រូវចាក់ដូសជំរុញឬទេ។

បន្ថែមពីការជំរុញដំំណើរការចាក់ដូសជំរុញហើយនោះ លោកស្រី ឱ វណ្ណឌីន បានណែនាំទៀតថា ក្រុមគ្រូពេទ្យ រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើននូវការផ្សព្វផ្សាយបន្ដទៀតដល់ប្រជាពលរដ្ឋ អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ពិសេសការបំប្លែងខ្លួនថ្មី ព្រមទាំងវិធានការការពារ គឺ៣ការពារ និង៣កុំ ដើម្បីឲ្យពួកគាត់បន្ដនូវការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ និងរស់នៅតាមប្រក្រតីភាពថ្មី។

គួរជម្រាបថា ទីតាំងដែលលោកស្រី ឱ វណ្ណឌីន ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅមូលដ្ឋានខេត្តក្រចេះនោះរួមមាន៖

*ទី១៖ មណ្ឌលសុខភាពដា ស្ថិតក្នុងស្រុកចិត្របុរី
*ទី២៖ មណ្ឌលសុខភាពគោលាប់ ស្ថិតក្នុងស្រុកចិត្របុរី
*ទី៣៖ មន្ទីរពេទ្យបង្អែកឆ្លូង ស្ថិតក្នុងស្រុកឆ្លូង៕