(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ជាមួយនឹងក្រសួងទេសចរណ៍លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការបង្ហាញនូវការជឿជាក់ខ្ពស់ថា កម្ពុជាអាចឆ្លងកាត់រាល់វិបត្តិនានាបានទាំងអស់ បើមានប្រជាពលរដ្ឋមានការចូលរួម និងជឿលើរាជរដ្ឋាភិបាល។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរួបរួមគ្នាយ៉ាងស្អិតរមួត និងការផ្តល់នូវការជឿជាក់ចំពោះរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈ ទោះវិបត្តិណាក៏ដោយក៏ខ្មែរយើងឆ្លងបានដែរ»

លោក ហ៊ុន ម៉ានី បានបន្តថា មិនថាក្នុងពេលមានវិបត្តិ ឬក្នុងគ្រប់កាលៈទេសៈ គឺទាមទារការចូលរួម និងការផ្តល់ជំនឿទុកចិត្តលើការដឹកនាំប្រកបដោយភាពច្បាស់លាស់ វិធានការតម្រង់ទិសដែលឆ្លើយតប និងការសម្រេចទាន់ពេលតាមស្ថានការណ៍ជាក់ស្តែងរបស់រាជរដ្ឋាភិបាល។

សូមជម្រាបជូនថា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី ដើម្បីពិនិត្យវឌ្ឍនភាពការងារលើការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» នាព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ។

កិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃការឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលបង្កដោយវិបត្តិជំងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាដំណោះស្រាយជាបន្តបន្ទាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈានឆ្ពោះទៅការកាត់បន្ថយផលប៉ះពាល់លើគ្រប់ វិស័យជាជំហានៗ តាមអាទិភាព ពីមួយដំណាក់កាល ទៅមួយដំណាក់កាល ជាពិសេសក្នុងវិស័យទេសចរណ៍។

លោក ហ៊ុន ម៉ានី ក៏បានចាត់ទុកថា កិច្ចប្រជុំរវាងគណៈកម្មការទី៧ និងក្រសួងទេសចរណ៍ ដែលអាចរៀបចំឡើងដោយផ្ទាល់នាព្រឹកនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការឆ្លើយតបបានយ៉ាងត្រឹមត្រូវ ទៅនឹងវិញ្ញាសារ នៃឥទ្ធិពលរបស់ជំងឺកូវីដ-១៩ មកលើវិស័យទេសចរណ៍ តាមរយៈការកំណត់នូវគោលនយោបាយ និងផែនការសកម្មភាពឆ្លើយតបបានយ៉ាងមានប្រសិទ្ធិភាពទៅនឹងស្ថានភាពជាក់ស្តែង ដែលប្រទេសមួយចំនួនលើពិភពលោកមិនទាន់អាចធ្វើបាននៅឡើយ៕