(ឧត្តរមានជ័យ)៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា អគ្គលេខាធិការរងថេរសភា អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះរាជតំណាង របស់សម្តេព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក និងសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា, អមដំណើរដោយព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ និងជាអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, បាននិមន្តចូលរួមជាព្រះអធិបតីក្នុងពិធីបុណ្យខួប ២២ឆ្នាំ នៃព្រៃសង្ឃសហគមន៍រុក្ខវ័ន ស្ថិតនៅជាប់បីក្រុង-ស្រុកគឺ ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ហួន វ៉ាន់និត អភិបាលរង និងជាតំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ មន្ត្រីរាជការជុំវីញខេត្ត ពុទ្ធបរិស័ទពីរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តនានាផងដែរ។

មានថេរដីកាក្នុងឱកាសនោះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានកោតសរសើរព្រះសង្ឃ និងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់កម្លាំកាយចិត្ត ព្រមទាំងប្រឈមនឹងបញ្ហាឧបសគ្គគ្រប់ជំពូក ប្រឹងប្រែងថែរក្សាការពារព្រៃឈើដែលមានផ្ទៃដីដ៏ធំ ដែលមានទំហំ ៣០២៥៤ហិកតា បូករួមផ្ទៃដីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់បន្ថែមផង ឱ្យបានគង់វង់ស្ថិតស្ថេរ និងបានជាជម្រកសត្វព្រៃ និងជីវចម្រុះច្រើនប្រភេទ រួមសត្វព្រៃកម្រ និងជិតផុតពូជទៀតផង។ សម្តេចបានបញ្ជាក់អំពីភាពចាំបាច់ និងសារៈប្រយោជន៍ដ៏ធំធេង នៃព្រៃឈើសម្រាប់ជីវិតមនុស្ស សត្វ និងភពផែនដីយើងនេះ។

សម្តេចបានស្នើសុំថា៖

១៖ អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ជួយទប់ស្កាត់ការលួចការឈើ និងសត្វព្រៃ ក្នុងព្រៃសង្ឃសហគមន៍នេះ
២៖ គណៈគ្រប់គ្រង និងអ្នកស្ម័គ្រចិត្ត រៀបចំព្រៃសង្ឃសហគមន៍រុក្ខវ័នឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិបែបពុទ្ធសាសនា ដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស
៣៖ ជំរុញឱ្យមានការកសាងព្រះពុទ្ធរូបធំមួយសាងអំពីថ្មភ្នំ ដែលកម្ពស់ខ្ពស់ជាងចុងឈើ ដែលអាចទាក់ទាញពុទ្ធបរិស័ទ និងមហាជនទូទៅ៕