(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ផៃ ស៊ីផាន ជាប្រធាន នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបន្តរៀបចំសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពឃុំ-សង្កាត់ នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីលើកបង្ហាញនូវសមិទ្ធផលការងារ និងភាពរីកចម្រើននៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាការផ្តល់សេវា និងការដោះស្រាយបញ្ហាទាំងឡាយនៅតាមឃុំ-សង្កាត់ផងដែរ។

ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរចំណុះ ព្រមទាំងចៅសង្កាត់ផងដែរ ត្រូវបានអញ្ជើញចូលរួមនៅក្នុងសន្និសីទនេះ ដើម្បីរួមគ្នាលើកបង្ហាញសមិទ្ធផលការងារដែលខេត្តសម្រេចបាន។

លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានឡើងមកបង្ហាញនូវសមិទ្ធផលការងារជាច្រើនដែលខេត្តសម្រេចលើវិស័យនានា។ លោក ខេង ស៊ុម បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ចាប់បដិសន្ធិនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៨ ដោយកាត់ចេញពីខេត្តបាត់ដំបង ដែលមុនការបង្កើតខេត្ត ទីរួមខេត្តនេះ ជាអតីតស្រុកសិរីសោភ័ណ ដែលគេនិយមថាស្រុកស្វាយស៊ីសូផុន កាលនោះ មានប្រជាពលរដ្ឋមិនជាច្រើននោះទេ ហេដ្ឋារចនាសម្ព័ន្ធនានានៅជួបការលំបាកនៅឡើយដោយសារជួបនឹងសង្គ្រាមរ៉ាំរ៉ៃ ខ្ទេចខ្ទាំ។ បន្ទាប់ពីទទួលបានសុខសនិ្តភាពនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយ «ឈ្នះ ឈ្នះ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខេត្តបន្ទាយមានជ័យ បានបោះជំហានទៅមុខយ៉ាងលឿន ក្រោមទង់សាមគ្គីជាតិ ឯកភាពជាតិ។ ជាក់ស្តែងក្នុងប្រភពទិន្នន័យឆ្នាំ២០១៧-២០២១ បានបង្ហាញថាផលិតផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ច ខេត្តទាំងមូលមានតម្លៃប្រមាណ ៩៦៧លានដុល្លារសហរដ្ឋអាមេរិក។

ដោយសារកំណើនសេដ្ឋកិច្ចមានការកើនឡើង ទើបអត្រានៃភាពក្រីក្រទូទាំងខេត្តត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ពី ១៧,៥% ក្នុងឆ្នាំ២០១៤ មកនៅត្រឹម ១២,៨% ក្នុងឆ្នាំ២០១៧ និងមកនៅត្រឹម ១៤,៦១%ក្នុងឆ្នាំ២០២០ (ដោយសារបរិបទនៃជំងឺកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចខេត្តធ្លាក់ចុះប្រមាណ១,៨១%)។

កម្មវិធីព្រឹកមិញនេះ លោក ខាំ សរ ចៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏បានឡើងមកបង្ហាញវឌ្ឍនភាពការងារ និងរបៀបដឹកនាំគ្រប់គ្រងនៅក្នុងសង្កាត់របស់លោកផងដែរ។ លោក ខាំ សរ ទទួលបានសេចក្តីទុកចិត្តពីគណបក្សប្រជាជនកម្ពុជា និងការគាំទ្ររបស់ប្រជាពលរដ្ឋអស់រយៈ២០ឆ្នាំមកហើយ។

ក្រៅតែពីប្រធានក្រុមប្រឹក្សា ចៅសង្កាត់ហើយនោះ ក៏មានការផ្តល់វេទិកាសំណួរជូនក្រុមអ្នកព័ត៌មានផងដែរ។ អ្នកព័ត៌មានចោទសួរលើសំណួរជាច្រើនទៅកាន់អភិបាលរងខេត្ត និងប្រធានមន្ទីរនានា ឆ្លើយបំភ្លឺលើការងារផ្សេងៗនៅក្នុងខេត្ត។

សូមទស្សនាវីដេអូទាំងស្រុងនៃសន្និសីទព័ត៌មានដូចខាងក្រោម៖