(ភ្នំពេញ)៖ នៅក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ ដែលដឹកនាំដោយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចុះទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនជីហ្គៀគ្រុប (GGear Group)។

ដំណើរទស្សនកិច្ចនេះមានការចូលរួមពីលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) តំណាងពីក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន អង្គការ ILO អង្គការ UNESCO អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងតំណាងយុវជន។

នៅក្នុងកម្មវិធីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដឹកនាំការធ្វើសកម្មភាពដើម្បីបង្កើនការចូលរួមពីវិស័យឯកជនទៅក្នុងការរចនា និងការអនុវត្តកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ អង្គការ UNIDO គាំទ្រការអភិវឌ្ឍភាពជាដៃគូររវាងវិស័យសាធារណៈ និងឯកជនជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសផ្សេងទៀតក្នុងការបង្កើតកម្មវិធីសិក្សា និងការធ្វើការបណ្តុះបណ្តាលគ្រូឧទ្ទេសទៅលើជំនាញជណ្តើរយន្ត។ វិទ្យាស្ថានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Ggear Group នៅឆ្នាំ២០២១ ដើម្បីសហការលើការអភិវឌ្ឍកម្មវិធីសិក្សារៀបចំកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្ត និងទទួលយកសិស្សចុះកម្មសិក្សា។

បច្ចុប្បន្ន វគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសទៅលើជំនាញដំឡើង និងថែទាំជណ្តើរយន្តបាននិងកំពុងអនុវត្តតាំងពីខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដោយមានគ្រូបណ្តុះបណ្តាល៧រូប មកពីក្រុមហ៊ុនជីហ្គៀគ្រុប និង២១រូបពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗចំនួន៥ទូទាំងប្រទេស។

គណៈប្រតិភូបានទស្សនកិច្ចបន្ទប់ស្រាវជ្រាវ និងនវានុវត្តន៍ព័ត៌មានវិទ្យា មជ្ឈមណ្ឌលបណ្តុះបណ្តាលរថយន្តហ្វដ បន្ទប់បណ្តុះបណ្តាលបរិក្ខារត្រជាក់ និងចុះពិនិត្យមើលការអនុវត្តរបស់សិក្ខាកាមនៅរោងជាងលោហៈបន្ទះ និងបន្សារ។

បន្ទាប់មក គណៈប្រតិភូបានទស្សនកិច្ចនៅក្រុមហ៊ុន GGear Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់ និងអ្នកលក់រាយចម្បងនៃផលិតផល LG Electronic ទាំងអស់ និងជាដៃគូផ្តាច់មុខរបស់ Hyundai elevator នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ២០១១។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានបុគ្គលិក៧៩២នាក់កំពុងធ្វើការនៅក្នុងហាងអេឡិចត្រូនិច LG Brand shop ចំនួន១៦ នៅទូទាំងរាជធានី និងនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួន។

ដោយសារក្រុមហ៊ុនមានបញ្ហាប្រឈមក្នុងការជ្រើសរើសបុគ្គលិកដែលមានជំនាញថែទាំក្នុងជណ្តើរយន្ត និងម៉ាស៊ីនត្រជាក់ ទើបក្រុមហ៊ុន GGear មានចំណាប់អារម្មរណ៍ក្នុងការអភិវឌ្ឍ និងផ្តល់ការបណ្តុះបណ្តាលគ្រូបង្គោលដល់សាលាបណ្តុះបណ្តាលបច្ចេកទេស និងផ្តល់ការគាំទ្របន្ថែមដល់អ្នកបច្ចេកទេស និងអ្នកចែកចាយឲ្យមានចំណេះដឹងនិងជំនាញលើបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន GGear។

គួរជម្រាបថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៣ ត្រូវបានរៀបចំបន្តពីដំណាក់កាលទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ចំនួន៤ រួមមាន៖

១៖ ឱនភាពនៃជំនាញជាប្រព័ន្ធក្នុងចំណោមយុវជនវ័យក្មេងនៅកម្ពុជាក្នុងអំឡុងពេលនៃការផ្លាស់ប្តូរដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ដែលផ្សារភ្ជាប់ទៅនឹងការទទួលបានការអប់រំកម្រិតមធ្យមនៅមានកម្រិតទាប។

២៖ ភាពមិនស៊ីចង្វាក់គ្នារវាងតម្រូវការទីផ្សារការងារ និងជំនាញរបស់យុវជនវ័យក្មេង។

៣៖ តម្រូវការក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងអាជីវកម្ម ដែលជាប្រភពនៃការងារ និងសុខមាលភាព

៤៖ តម្រូវការក្នុងការដោះស្រាយការកើនឡើងនៃការងារក្រៅប្រព័ន្ធ ការងារងាយរងគ្រោះ និងកង្វះគុណភាពការងារ។

កម្មវិធី DEY ដំណាក់កាលទី២នេះ ក៏មានគោលដៅរួមចំណែកក្នុងការអនុវត្តគោលនយោបាយឆ្លើយតបនឹងជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺនេះផងដែរ ជាពិសេសក្នុងវិស័យអប់រំបណ្តុះបណ្តាលមុខរបរ និងការងារ និងប្រាក់ចំណូល និងគាំទ្រយុវជនវ័យក្មេង ទាំងស្រ្តី និងបុរសនៅកម្ពុជាក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពបន្ថែមទៀត ដោយធានាថាពួកគេអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព៕