(រតនគិរី)៖ លោក ឌុច ចាន់តូ បានលើកឡើងថា ការអភិវឌ្ឍមូលដ្ឋានចំណេះដឹងផ្នែកបច្ចេកទេស និងវិជ្ជាជីវ:ពិតជាមានសារៈសំខាន់ សម្រាប់យុវជនដើម្បីឈោងចាប់បច្ចេកទេស និងបច្ចេកវិទ្យាកម្រិតខ្ពស់ និងប្រែក្លាយកម្លាំង ពលកម្មឲ្យមានជំនាញ និងសមត្ថភាព ជាពិសេសការរីកចម្រើនផ្នែកបច្ចេកវិទ្យា ក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្កើតនូវមុខរបរ និងធុរកិច្ចថ្មីៗជាច្រើន ដែលពុំធ្លាប់មានពីមុនមក ដែលទាមទារឲ្យកម្ពុជាធ្វើការកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។

ការលើកឡើងរបស់លោកប្រធានមន្ទីរការងារខេត្តរតនគិរី ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២ និងទិសដៅអនុវត្តបន្តនៃកម្មវិធី «ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២២» នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានបន្តថា សម្រាប់ខេត្តរតនគិរី ក៏មានតម្រូវការអ្នកបច្ចេកទេស កម្មករជំនាញជាច្រើន នៅក្នុងពិភពការងារ ដែលបច្ចុប្បន្ន រោងចក្រសហគ្រាសជាច្រើនកំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផលិត។

ខេត្តនៅខ្វះកម្លាំងពលកម្មជំនាញជាច្រើនផ្នែក មានផ្នែកអគ្គិសនី ផ្នែកធុរៈកិច្ច ផ្នែកកម្មន្តសាល និងអ្នកបច្ចេកទេសជាន់ខ្ពស់ ដែលតម្រូវឲ្យថៅកែរោងចក្រសហគ្រាសមួយចំនួន ត្រូវបង្ខំចិត្តប្រើប្រាស់កម្លាំងពលកម្មបរទេស។ ដូច្នេះការបណ្តុះបណ្តាលជំនាញបច្ចេកទេស មានការចំណាយធនធានហិរញ្ញវត្ថុ និងសម្ភារៈជាច្រើនដើម្បីធ្វើឲ្យការបណ្តុះបណ្តាលទទួលបាននូវគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់នូវចំណេះដឹងជំនាញ និងមានសមត្ថភាពច្បាស់លាស់ជាមូលដ្ឋាន ជូនដល់សិក្ខាកាមទាំងអស់ ក្នុងការចាប់យកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាក្នុងពេលឆាប់ៗនេះ។

លោកប្រធានមន្ទីរបានថ្លែង អំណរគុណលោក លោកស្រី អ្នកនាងកញ្ញា សិក្ខាកាម សិស្ស និស្សិត ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងទិសដៅអនុវត្តបន្តនាពេលនេះ ត្រូវចូលរួមផ្សព្វផ្សាយឲ្យ បានទូលំទូលាយដល់យុវជន មាតា បិតា អាណាព្យាបាល ដើម្បីលើកកំពស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើង។ជាងនេះទៅទៀតសិក្ខាកាមសិស្ស និស្សិតទាំងអស់ដែលមានវត្តមាននៅទីនេះ ត្រូវខិតខំសិក្សាស្វែងយល់នូវជំនាញបច្ចេកទេស ដែលលោកគ្រូ អ្នកគ្រូបានផ្តល់ជូនដើម្បីយកទៅប្រកបមុខរបរ រកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារឲ្យមានជីវភាពធូរធាប្រសើរឡើង៕