(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយដៃគួរអភិវឌ្ឍន៍ ដើម្បីកែប្រែសួនច្បារមាត់ទន្លេ ឲ្យទៅជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ថែមមួយកម្រិតទៀត នៅក្នុងក្រុងកំពង់ចាម។

តាមគម្រោងប្លង់ ដែលគ្រោងអភិវឌ្ឍសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនោះមានដូចជា៖ កន្លែងអាហារដ្ឋានលើទឹក, បឹងហ្គាឡូ និងអាហារដ្ឋាន សម្រាប់ភ្ញៀវជួលស្នាក់នៅ, ក្លឹបហាត់ប្រាណ, ផាប់, សួនច្បារ, សួនបន្លែ, កន្លែងថតរូប , កន្លែងជិះឡានបុកគ្នា, កន្លែងភិចនិចនឹងកញ្ចុះអង្គុយលេង, ផ្សារអាហារ និងក្លឹបរាំកំសាន្ត។

បន្ទាប់ពីបានពិភាក្សា ជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគទាក់ទិនទៅនឹងគម្រោងប្លង់ខាងលើនេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានសម្រេចឲ្យម្ចាស់វិនិយោគធ្វើការកែប្រែប្លង់ នូវទីកន្លែងសាងសង់មួយចំនួន នឹងលើកយកមកពិភាក្សាម្ដងទៀត នៅពេលក្រោយ៕