(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តមអភិបាលខេត្ត បានប្រារពពិធីប្រគល់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ នៅភូមិផ្លូវដំរីលើ ភូមិផ្លូវដំរីក្រោម និងភូមិអូរសឿ ឃុំសឿ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក រ័ត្ន ដាស៊ុណង់ អភិបាលស្រុកមង្គលបូរី មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ និងប្រជាពលរដ្ឋម្ចាស់ក្បាលដីទាំង៣ភូមិបានចូល ស្ថិតនៅបរិវេនសាលាបុណ្យ ក្នុងភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី។

លោក អាង ណារិទ្ធ​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការប្រគល់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីផ្លីមានលក្ខណៈប្រព័ន្ធទាំង៣ភូមិ មានច្រើនដំណាក់កាល៖

១-​ ត្រៀមរៀបចំគឺជាការកំណត់ធ្វើការវិនិច្ឆ័យការបង្កើតគណៈកម្មាធិការរដ្ឋបាលជូនដំណឹងកិច្ចប្រជុំនឹងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ
២- ប្រតិបត្តិការបច្ចេកទេសចុះវាស់វែងនិងធ្វើការវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី
៣- បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី ដែលមានរយៈពេល១៥ ថ្ងៃដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដីនិងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ ឈ្មោះនិង ព័ត៌មានក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានដំណីរការ ខុសឆ្គង។ផុតរយៈពេលកំណត់នៃការបោះផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់បន្តបានទៀតឡើយ។
៤- សម្រេចលើឯកសារវិនិច្ឆ័យបាយរការណ៍ពីលទ្ធផលនៃការបិទផ្សារជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មាធិការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិ ចំពោះក្បាលដីណាដែលមិនទាន់មានទំនាស់
៥- ចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ដី នាថ្ងៃនេះ

លោក អាង ណារិទ្ធ បានបញ្ជាក់ឲ្យដឹងបន្តទៀតពីតម្លៃ និងអត្ថប្រយោជន៍នៃបណ្ណកម្មសិទ្ធិថា៖

-ប័ណ្ណកម្មសិទ្ធិគឺ ធានានូវសិទ្ធិស្របច្បាប់ជាធ្វើជាម្ចាស់កាន់ដីធ្លី
-ប័ណ្ណកម្មសិទ្ធិជាឯកសារសំខាន់សម្រាប់ស្នើសុំលិខិតអនុញ្ញាតសាងសង់ ធ្វើការអភិវឌ្ឍន៍ដី និងបើកអាជីវកម្មបានជាដើម
-ប័ណ្ណកម្មសិទ្ធិនេះ អាចយកទៅប្រើប្រាស់ជារបស់បញ្ចាំនៅធនាគារខ្ចីប្រាក់ដើម្បីពង្រីកមុខរបរ ឬអាជីវកម្មបន្ថែមទៀតបាន
-មានប័ណ្ណកម្មសិទ្ធិនេះ គឺកាត់បន្ថយជម្លោះដីធ្លី ព្រោះប័ណ្ណកម្មសិទ្ធិនេះជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី
-ប័ណ្ណកម្មសិទ្ធិនេះវាងាយស្រួលចំពោះការផ្ទេរសិទ្ធិស្របច្បាប់ តែរាល់ការផ្ទេរសិទ្ធិត្រូវធ្វើការចុះបញ្ជីបន្តនៅការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់និងភូមិបាល ស្រុក ក្រុងជាដើម។

ក្នុងនោះលោក អាង ណារិទ្ធ មានប្រសាសន៍ថាការប្រគល់វិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីផ្លីមានលក្ខណៈប្រព័ន្ធនៅ៣ភូមិ ក្នុងស្រុកមង្គលបូរី ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាកុំទាន់មានពេលវេលា មកទទួលយកសូមទំនាក់ទំនងនៅមន្ទីរដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលយកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលក្រោយ៕