(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ សម្ដេចកិត្ដិព្រឹត្ដបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានចាត់តាំង លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា រួមទាំងមន្ដ្រីទីស្នាក់ការកណ្ដាល បានសហការជាមួយកងពលតូចថ្មើរជើងលេខ ង៧០ បន្ដចុះចែកទឹកស្អាតសម្រាប់បរិភោគ ១២,៤២០លីត្រ និងទឹកប្រើប្រាស់២៣,០០០លីត្រ ដល់ប្រជាពលរដ្ឋ២០៧គ្រួសារ ដែលមកពី ១៩ភូមិ ក្នុងស្រុកគងពិសី ខេត្ដកំពង់ស្ពឺ  ដែលក្នុងមួយគ្រួសារបានទឹកស្អាត៦០លីត្រ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើការសួរសុខទុក្ខ របស់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ដល់ប្រជាពលរដ្ឋថា សូមឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ  ប្រុងប្រយ័ត្នគ្រប់ពេលវេលា ចំពោះអាកាធាតុរប្រែប្រួល និងរាំងស្ងួត ពិសេសសូមប្រើប្រាស់ទឹកស្អាត ដែលបានផ្តល់ជូននេះ ដោយសន្សំសំចៃបំផុត ដើម្បីទប់ទល់នឹងកង្វះខាតទឹក នៅរដូវប្រាំងឆ្នាំនេះ ហើយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនៅតែបន្តចែកចាយទឹកជូន ប្រជាជនដែលកំពុងប្រឈម នឹងកង្វះទឹកនេះផងដែរ។

សម្តេចក៏បានផ្តាំផ្ញើទៀតថា ដោយសាររដូវប្រាំងឆ្នាំនេះ មានអាកាសធាតុប្រែប្រួលខុសពី រាល់ឆ្នាំគឺកាន់តែក្ដៅទៅៗ ធ្វើឲ្យប្រភពទឹកធំៗ ដូចជា ស្ទឹង បឹង និងអូរ បានរីងស្ងួតជាបណ្តើរៗ ជាកត្តាធ្វើឲ្យខ្វះទឹកប្រើប្រាស់ ដូចនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ទឹក ត្រូវមានការសសន្សំសំចៃ ដើម្បីធានាបានការប្រើប្រាស់បានយូរ ហើយការរស់នៅត្រូវរក្សាអនាម័យ ដោយតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនាពេលថ្មីៗនេះ គឺនៅក្នុងរដូវក្តៅនេះមានជំងឺថ្មីបានបង្កឡើង ដែលអាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពបងប្អូន ពិសេសកុមារតូចៗ ដូចនេះទាមទារឲ្យបងប្អូនទាំងអស់ រស់នៅត្រូវមានអនាម័យ ដើម្បីគេចផុតពីជម្ងឺដង្កាត់ផ្សេងៗ ។

គួរបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី២៧ ខែមេសាថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក៏បានចែកជូនទឹកស្អាត ២០១៥០លីត្រនិងទឹក ប្រើប្រាស់ ១ម៉ឺនលីត្រដល់ប្រជាពលរដ្ឋ៤០៣គ្រួសារ នៅភូមិចំនួន៤ ក្នុងខេត្តកំពង់ស្ពឺផងដែរ ទន្ទឹមនឹងទោះជាយ៉ាងក៏ប្រជាពលរដ្ឋ នៅតំបន់ខេត្ដដទៃទៀត មិនទាន់មានកង្វះអ្វីច្រើននោះឡើយទេ ដោយសារតែកាកបាទក្រហមកម្ពុជាខេត្ត បានជីកស្រះទឹក និងអណ្តូងស្នប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ បានប្រើប្រាស់តាំងឆ្នាំមុនៗ កន្លងមកនេះ៕