(ក្រចេះ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានថ្លែងបញ្ជាក់ថា ភាគីចិនរីករាយ ដែលបានក្លាយជាអ្នកគាំទ្រ និងជាអ្នករួមដំណើរលើវិថី នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងជាមិត្តជិតស្និទ្ធបងប្អូនដែកថែបជាមួយកម្ពុជា ដែលស្គាល់គ្នាទៅវិញទៅមក។

លោក Wang Wentian បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោក និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានប្រវែងសរុប៩៣.៥៦គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលចិន មានតម្លៃសរុបជាង ៣៣លានដុល្លារអាមេរិក។

លោកអគ្គរដ្ឋទូតចិន បានបន្តថា ផ្លូវជាតិលេខ៧ គឺជាគម្រោងជំនួយរបស់ភាគីចិន ដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៤ ហើយក៏ជាគម្រោងជំនួយទ្រង់ទ្រាយធំបំផុត របស់ចិននាពេលនោះផងដែរ។ អាចនិយាយបានថា វាមិនត្រឹមតែជាគម្រោងដ៏សំខាន់មួយ សម្រាប់ជំនួយភាគីចិន ជូនចំពោះភាគីកម្ពុជាប៉ុណ្ណោះទេ ក៏ជាគម្រោងដែល មានលក្ខណៈពិសេសមួយក្នុងប្រវត្តិសាស្ត្រនៃជំនួយរបស់ចិន ជូនចំពោះប្រទេសលើ សកលលោកនាពេលនោះផងដែរ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧នេះ វាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា យ៉ាងមានប្រសិទ្ធភាព។ រដ្ឋាភិបាលចិននឹងពិចារណា បន្តជួយជួសជុលកំណាត់ផ្លូវខាងជើង និងបន្តផ្តល់ជំនួយដល់ការសាងសង់បណ្ដាវិស័យក្នុងប្រទេសកម្ពុជា តាមលទ្ធភាពរបស់ខ្លួន។ អាចនិយាយបានថា ផ្លូវលេខ៧ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីភាពចាស់ទុំ សម្រាប់ជំនួយរបស់ចិន មកកាន់កម្ពុជា ក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយប៉ុណ្ណោះទេ ក៏ជាសក្ខីភាពក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពរវាងចិន-កម្ពុជានិងសហគមវាសនារួមរវាងចិន-កម្ពុជា កាន់តែស៊ីជម្រៅមួយកម្រិតទៀត។

លោក Wang Wentian បានបន្ថែមថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ មានដំណឹងល្អៗជាច្រើន ស្តីពីកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា លើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបន្លឺឡើងជាបន្តបន្ទាប់ដែលមានដូចជា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ, ពិធីបើការដ្ឋានសាងសង់ផ្លូវជាតិលេខ 71C និងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវពហុកីឡដ្ឋានជាតិមរតកតេជោ។

ខែក្រោយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នឹងប្រគល់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ប៉ុន្មានខែទៀត ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុនចិន នឹងត្រូវបញ្ចប់ដាក់ប្រើប្រាស់ ពេលនោះកម្ពុជានឹងមានផ្លូវល្បឿនលឿនដំបូងគេនៅក្នុងប្រទេស ហើយកម្ពុជានឹងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស រីឯចំណងមិត្តភាពរវាងប្រជាជនទាំងពីរប្រទេស ក៏កាន់តែជិតស្និទ្ធផងដែរ៕