(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) និងផលិតផលទឹកបរិសុទ្ធវីតាល់ ដោយវិទ្យាស្ថាននេះធ្លាប់មានកិច្ចសហប្រតិបត្តិការជាមួយ ILO ក្រុមកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ លើគម្រោងដែលសាកល្បងគ្រឿងម៉ាស៊ីន កែច្នៃផ្លែឈើ និងអាហារ និងការដុតនំ។

ទស្សនកិច្ចនេះមានការចូលរួមលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី DEY តំណាងពីក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន អង្គការ ILO អង្គការ UNESCO អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងតំណាងយុវជន។

នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះដែរ ក៏បានចុះទៅពិនិត្យមើលរោងជាងរបស់វិទ្យាស្ថានដែលរួមមានបន្ទប់មេកានិច បន្ទប់អគ្គិសនី បន្ទប់មេកាត្រូនិច១ បន្ទប់មេកាត្រូនិច២ បណ្ណាល័យ សាលបញ្ញាសប្បនិម្មិត និងមន្ទីរពិសោធន៍ចំណីអាហារ។

លោក អ៉ិត សំហេង បានវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន NPIC ដែលមានកម្មវិធីបណ្តុះបណ្តាលបានយ៉ាងល្អសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាកន្លងមកពីវិទ្យាស្ថាន គឺពួកគាត់ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងអាជីពការងាររបស់ខ្លួន ដោយមានសមត្ថភាពអាចគ្រប់គ្រងផលិតកម្មរបស់ក្រុមហ៊ុនធំៗ និងអ្នកមួយចំនួនខ្លះទៀត ក៏ឈានទៅបើកអាជីវកម្មជាលក្ខណៈឯកជនផ្ទាល់ខ្លួន មានភាពរីកចម្រើនទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។

គួរជម្រាបជូនថា NPIC ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាសង់លើផ្ទៃដីសរុប៩៨,១២៣ម៉ែត្រការ៉េ។ វិទ្យាស្ថានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសចាប់ពីកម្រិតវិញ្ញាបនបត្ររហូតដល់អនុបណ្ឌិត។ វិទ្យាស្ថានមានទស្សនវិស័យក្នុងការក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសគំរូដែលនាំមុខគេ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយមនសិការវិជ្ជាជីវៈ មានស្មារតីស្នេហាជាតិមាតុភូមិ និងរួមចំណែកអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គម។ វិទ្យាស្ថានមានកម្មវិធីបណ្តុះបណ្តាល រួមមាន វិស្វកម្មអគ្គិសនី ស្ថាបត្យកម្ម វិស្វកម្មអេឡិចត្រូនិច និងទូរគមនាគមន៍ មេកាត្រូនិច វិទ្យាសាស្ត្រកុំព្យូទ័រ ទេសចរណ៍ និងបដិសណ្ឋារកិច្ច អុបទិក។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២ នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) រួចមក គណៈប្រតិភូបានអញ្ជើញចុះទស្សនកិច្ចផលិតផលទឹកបរិសុទ្ធវីតាល់របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ខូ អិលធីឌី (N.V.C Corporation Co.,Ltd.) ដែលជាក្រុមហ៊ុនក្នុងស្រុកឈានមុខមួយក្នុងវិស័យផលិត និងចាយចាយ ចំណីអាហារ និងភេសជ្ជៈ ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃកម្ពុជា។ ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១០។ ផលិតផល និងប្រព័ន្ធរបស់ក្រុមហ៊ុនទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយស្តង់ដាជាតិ និងអន្តរជាតិ ដូចជា CS 009:2005, GHP, HACCP, ISO2200:2018, ISO9001:2015, ISO14001:2015។ ដោយក្រុមហ៊ុនមានបេសកម្មផ្តល់ជូននូវទឹកពិសាគុណភាពខ្ពស់សម្រាប់ជីវិតមនុស្សនិងសង្គម និងមានទស្សនវិស័យក្លាយទៅជាក្រុមហ៊ុនជាតិដែលត្រូវបានកោតសរសើរជាងគេក្នុងវិស័យផលិតទឹកពិសារ។

សម្រាប់ភាពជាដៃគូររវាងក្រុមហ៊ុន និងកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា គឺក្រុមហ៊ុនបានជ្រើសរើសសិស្ស-និស្សិតពីវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) ដើម្បីបម្រើការងារក្នុងក្រុមហ៊ុនរួមទាំងសិស្សដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលសាកល្បងនូវកញ្ចប់បណ្តុះបណ្តាល ផ្អែកលើសមត្ថភាពជំនាញគ្រឿងម៉ាស៊ីន ការកែច្នៃបន្លែផ្លៃឈើ ការដុតនំ។ ជាមួយនោះដែរ គណៈប្រតិភូក៏បានអញ្ជើញចុះត្រួតពិនិត្យរោងជាង ឬកន្លែងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលកំពុងមានដំណើរការផងដែរ៕