(ប៉ៃលិន)៖ លោក អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ ក្នុងនាមសាខាកាកបាទក្រហម​កម្ពុជាខេត្តប៉ៃលិន រួមនឹងក្រុមការងារ និងមានការចូលរួមពី ស្នងការនគរបាល ខេត្តប៉ៃលិន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានបន្តចែកទឹកសុទ្ធ សម្រាប់ទទួលទាន និងទឹកស្អាត​សម្រាប់​ប្រើប្រាស់ ជូនដល់ប្រជា​ពលរដ្ឋរស់​នៅជនបទ​ដាច់ស្រយ៉ាល ឆ្ងាយពីប្រភពទឹកចំនួន ២៨៧គ្រួសារ មកពី៣ភូមិ​ក្នុងឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលាក្រៅ ខេត្តប៉ៃ​លិន ដោយ​បានប្រើ​មធ្យោ​បាយ​ឡាន​ដឹកទឹក​សុទ្ធ សម្រាប់​បរិភោគ​ចំនួន ២៤,០០០លីត្រ  និង​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ចំនួន ៨៥,០០០លីត្រ ។

លោក អ៉ី ឈាន បានថ្លែងឲ្យដឹងថា ដោយសាររដូវប្រាំងឆ្នាំនេះអូសបន្លាយមានរយៈពេលយូរ ធ្វើឲ្យប្រភពទឹកធំៗ ដូចជា ស្ទឹង បឹង និងអូរ បានរីងស្ងួត​ជាបណ្តើរៗ ជាកត្តាធ្វើឲ្យខ្វះទឹកប្រើប្រាស់ ដូចនេះ​សូម​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ប្រើប្រាស់​ទឹកត្រូវមាន​ការសន្ចំសំចៃ ដើម្បីធានាបាន​ការប្រើប្រាស់​បានយូរ ហើយការរស់នៅត្រូវរក្សាអនាម័យ ដោយយោង​តាមសេចក្តី​ប្រកាសព័ត៌មាន​របស់ក្រសួង​សុខាភិបាល​នា​ពេលថ្មីៗនេះ គឺនៅក្នុងរដូវក្តៅនេះ​មានជំងឺថ្មីបានបង្កឡើង ដែលអាចធ្វើឲ្យប៉ះ​ពាល់ ដល់សុខភាពបងប្អូន ពិសេសកុមារតូចៗ ដូចនេះទាមទារឲ្យបងប្អូន​ទាំងអស់រស់​នៅត្រូវមានអនាម័យ ដើម្បីគេចផុតពីជម្ងឺ​ដង្កាត់ផ្សេងៗ ។ ហើយការចែកទឹកជូនបងប្អូននៅពេលនេះ គឺសម្រាប់ទុកឲ្យ​បងប្អូនមានទឹកបម្រុង សម្រាប់ប្រើប្រាស់​បន្តបានមួយរយៈ​ពេលទៅមុខ ដោយសារ បញ្ហាកង្វះខាត​ទឹកក្នុង​ខេត្ត គឺគ្រប់តំបន់មិនទាន់​ទទួលរងគ្រោះ​ធ្ងន់ធ្ងរនៅ​ឡើយទេ ព្រោះ សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត បានជីកស្រះទឹក និងអណ្តូងស្នប់ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូន​ប្រជាពលរដ្ឋបាន​ប្រើប្រាស់​តាំងឆ្នាំ២០១៥មកម្លេះ ។

លោកបានថ្លែអំណរគុណ ដល់ស្នងការនគរបាលខេត្ត កងរាជអាវុធ​ហត្ថខេត្ត ក្រុមហ៊ុនផលិតទឹកស្អាត ក្រុមការងារសា​ខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត យុវជនសហភាពសហ​ព័ន្ធយុវជន​កម្ពុជាខេត្ត និងយុវជន​ស្ម័គ្រទាំង​អស់ ដែលបានចូលរួម​ផ្តល់ទឹកជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ នាពេលនេះ ។

ក្នុងឱកាសនោះ លោកនិង​លោកស្រី បានផ្តល់ជូនប្រជាពលរដ្ឋទាំង ២៨៧គ្រួសារ ដោយមួយគ្រួសារៗ​ទទួលបាន ប៊ីដុងដាក់​ទឹកចំណុះ​៣០លីត្រ ម្នាក់១ និងទឹកសុទ្ធ ១យួរ ចំពោះកុមារ​តូចទទួលបាន សម្លៀក​បំពាក់ម្នាក់ៗ ១កំប្លេរ នំមួយកញ្ចប់ និងថវិកា ៣០០០រៀល៕