(ភ្នំពេញ)៖ មនុស្សកើតមកក្នុងលោកនេះ តែងតែមានគោលបំណង និងក្តីស្រម៉ៃផ្សេងៗគ្នា ដែលពួកគេគិតថា អាចជួយដល់សង្គមជាតិរបស់ខ្លួនបាន ជាមួយគ្នានោះ ដើម្បីជាការចូលរួមលើកកម្ពស់ការអប់រំសម្រាប់យុវជនជំនាន់ក្រោយ ក៏ដូចជាដើម្បីចូលរួមផ្លាស់ប្តូរផ្នត់គំនិត និងពង្រឹងសមត្ថភាព បុគ្គលម្នាក់ៗឱ្យរឹងមាំកាន់តែខ្លាំងថែម មួយកម្រិតទៀត សហគ្រិន ២រូប បានចង់ក្រងនិពន្ធជាសៀវភៅ២ក្បាល ដោយផ្តោតសំខាន់លើរបៀបលុតដំខ្លួនរបស់យុវជនឱ្យរឹងមាំ ដើម្បីអភិវឌ្ឍខ្លួនក្លាយយុវជនមាន ស មត្ថភាព។

នៅក្នុងពិធីសម្ភោធសៀវភៅ «អ្នកចម្បាំង» ដែលនិពន្ធដោយលោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងសៀវភៅ«មេដែក» ដែលនិពន្ធដោយលោក សំ កុសល ប្រធានក្រុមហ៊ុន បក្សីមេឌា បានរៀបចំឡើងនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលCJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានអ្នកចូលរួមប្រមាណជិត ២០០នាក់ និងមានសហគ្រិនជាច្រើនរូបទៀត។

លើកឡើងនាឱកាសនោះ លោក សំ កុសល ដែលជាអ្នកនិពន្ធ បានថ្លែងបញ្ជាក់ថា មនុស្សគ្រប់គ្នាទោះកើតមកក្រក្តី មានក្តី សុទ្ធតែអាចក្លាយជាមេដែកក្លាយជា មនុស្សមានតម្លៃ ក្នុងទីផ្សារទាំងអស់គ្នាផងដែរ។

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានលើកទ្បើងដែរថា ប្រទេសកម្ពុជាសម័យបច្ចុប្បន្ននេះមានការរីកចម្រើនខ្លាំង ស្ទើរគ្រប់វិស័យដែលនេះ បានផ្តល់ឱកាសធំដល់យុវជន ជំនាន់ក្រោយក្នុងការប្រទ្បូកចូលក្នុងវិស័យរកស៊ី។ យុវជនខ្មែរទាំងអស់គ្នាគួរខំប្រឹងអភិវឌ្ឍខ្លួន ឱ្យលឿនដើម្បីមានសមត្ថភាព ចាប់យកឱកាសមាសមួយនេះឱ្យបាន។

សូមបញ្ជាក់ដែរថា សៀវភៅទាំង២នេះ មានគោលដៅតែមួយសម្រាប់អ្នកអានគឺ ផ្លាស់ប្តូរផ្នត់គំនិត ពង្រឹងសមត្ថភាព បុគ្គលម្នាក់ៗឱ្យរឹងមាំកាន់តែខ្លាំងមួយកម្រិតទៀត។
ដោយសៀវភៅទី១ ផ្តោតសំខាន់លើរបៀប លុតដំខ្លួនរបស់យុវជនឱ្យរឹងមាំ និងក្បួនចាប់ផ្តើមអាជីវកម្មរហូតក្លាយជាសហគ្រិនមួយរូប ដើម្បីអភិវឌ្ឍខ្លួនក្លាយជាសសរទ្រូង នៃប្រទេសជាតិ។ ចំណែកសៀវភៅទី២ មានចំណងជើងថា«មេដែក» ដែលផ្តោតលើមាគ៌ា កសាងខ្លួនក្លាយជាសហគ្រិន មេដែកនាអនាគតផងដែរ៕