(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះផ្ទុះការប្រតិកម្មជាច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីបានឃើញសំណង់ប្រាសាទអង្គររបស់ខ្មែរ ត្រូវបានវៀតណាម សាងសង់នៅតំបន់ទេសចរណ៍ក្នុងទីក្រុងដាណាង ដែលជាតំបន់ទេសចរណ៍ដ៏ល្បីមួយរបស់វៀតណាម។

យោងតាមគេហទំព័រផ្នែកទេសចរណ៍របស់វៀតណាម សំណង់ប្រាសាទរបស់ខ្មែរ ត្រូវបានគេសង់ឡើងចម្រុះជាមួយសំណង់តំបន់ទេសចរណ៍របស់ប្រទេសដទៃទៀតក្នុងតំបន់អាស៊ី។ តំបន់សំណង់ទាំងនេះ គេឱ្យឈ្មោះថា «សួនទេសចរណ៍អាស៊ី»។ (https://asiapark.sunworld.vn/experience/khu-campuchia?lang=en&tax=cultural&fbclid=IwAR2kZnh9uk42lP6TV0JfhcwsilfOOBOer-Gzc4sfAZEbBwrt_MvxXi4w0L0)

ទាក់ទិនបញ្ហាសង់សំណង់ចម្លងតាមប្រាសាទរបស់ខ្មែរនេះ Fresh News បានធ្វើកិច្ចសម្ភាសន៍មួយជាមួយលោក ឡុង កុសល អគ្គនាយករង និងមន្ត្រីនាំពាក្យនៃអាជ្ញាធរជាតិអប្សរា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

FRESH NEWS៖ ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយពីការចម្លងសំណង់បេតិកភណ្ឌអង្គរនៅប្រទេសវៀតណាម តើបញ្ហានេះអាជ្ញាធរអប្សរា អាចពន្យល់បានទេ?

លោក ឡុង កុសល៖ យើងទទួលបានព័ត៌មានតាមរយៈបណ្តាញសង្គមជាច្រើន ផ្សព្វផ្សាយពីការសាងសង់ចម្លងមួយចំនួននៃសំណង់ប្រាសាទខ្មែរ។ តាមវីដេអូដែលយើងបានឃើញនៅទីក្រុងដាណាង ប្រទេសវៀតណាម មានដូចជា ផ្នែកខ្លះនៃប្រាសាទតាព្រហ្ម ខ្លោងទ្វារចូលប្រាសាទអង្គរវត្ត ហើយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបាននិងកំពុងសិក្សាលើការងារនេះ ធ្វើរបាយការណ៍សរុបបច្ចេកទេសជូនទៅក្រសួងសាម៉ី ស្ថាប័នពាក់ព័ន្ធរបស់យើង ដើម្បីធ្វើការទាក់ទងជាមួយប្រទេសវៀតណាម តាមរយៈស្ថានទូតយើងដើម្បីពិនិត្យបន្ថែមលលើបញ្ហានេះ។

FRESH NEWS៖ កន្លងមកធ្លាប់មានការចម្លងសំណង់ប្រាសាទអង្គរខ្មែរ និងប្រាសាទដទៃទៀតរបស់ខ្មែរ នៅតាមប្រទេសមួយចំនួនផងដែរ តើលោកអាចពន្យល់បានទេថា ការចម្លងនោះកើតមានដោយរបៀបណា?

លោក ឡុង កុសល៖ ជាការពិត ការដែលចម្លងប្រាសាទ ឬតំបន់មួយចំនួនដែលជាស្នាដៃបេតិកភណ្ឌពិភពលោក ធ្លាប់មានច្រើនដែរ។ ឧទាហរណ៍ដូចជាកាលប្រទេសយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង ក៏មានការចម្លងប្រាសាទអង្គរវត្តទាំងមូលនៅឆ្នាំ១៩៣១ ក្នុងពិធីពិព័រណ៍អន្តរជាតិនាទីក្រុងបារីស។ ក៏មានការធ្វើផ្នែកខ្លះនៃប្រាសាទខ្មែរ ព្រះបរមរាជវាំងខ្មែរនៅប្រទេសចិន ដោយការចម្លងនោះមានកិច្ចសហការពីយើង។

ប៉ុន្តែក៏មានកន្លែងខ្លះបានធ្វើការចម្លងដោយមិនបានស្នើសុំ ឬជូនដំណឹងមកយើងដែលជាម្ចាស់នៃបេតិកភណ្ឌពិភពលោកនេះជាមុនទេ។ ជាការកត់សម្គាល់មួយទៀត ឃើញថា ការចម្លងអាចមានរូបភាព និងគោលបំណងខុសៗគ្នា។ ការចម្លងខ្លះ ឬយកភាគខ្លះនៃប្រាសាទអង្គរវត្តបន្តិច ប្រាសាទបន្ទាយឆ្មារបន្តិច ប្រាសាទតាព្រហ្មបន្តិច ធ្វើឡើងក្នុងគោលបំណងឃោសនារកប្រាក់ចំណូលដោយប្រើប្រាស់ភាពល្បីល្បាញរបស់ប្រាសាទខ្មែរតែម្តង។ រីឯការចម្លងខ្លះទៀត មានគំនិតឆ្នៃប្រឌិតធ្វើទាំងមូលតែម្តង ទំហំតូចជាតែទាំងមូល ហើយប៉ុនប៉ងប្រើប្រាស់នូវភាពល្បីល្បាញរបស់នេះ ដើម្បីបំភ័ន្តជារបស់ផ្ទាល់ខ្លួនទៅវិញ។

FRESH NEWS៖ តើការចម្លងទាំងនេះ បានផ្តល់ផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះចំពោះបេតិកភណ្ឌខ្មែរ?

លោក ឡុង កុសល៖ ការចម្លងនេះបានផ្តល់ផលទាំងពីរ គឺអវិជ្ជមាន និងវិជ្ជមាន។ ផលវិជ្ជមានមានដូចជា៖ នៅពេលភាពល្បីល្បាញរបស់បេតិកភណ្ឌខ្មែរ ស្នាដៃដ៏អស្ចារ្យរបស់ដូនតាយើងដែលពិភពលោកមានការស្ងើចសរសើរ មានការស្រឡាញ់ ធ្វើឲ្យប្រទេសខ្លះ ឬតំបន់ខ្លះមានការស្រឡាញ់ ធ្វើការផ្សព្វផ្សាយដើម្បីបង្កើនភាពល្បីរន្ទឺឱ្យកាន់តែខ្លាំងឡើងថែមទៀត។ ក្នុងករណីនេះ គឺជាភាពវិជ្ជមានដោយមានកិច្ចសហការជាមួយគ្នា ដោយមានការស្នើសុំ និងមានការស្វែងយល់អំពីតម្លៃ អំពីរចនាបថ និងពេលខ្លះកម្ពុជាថែមទាំងបានបញ្ជូនអ្នកបច្ចេកទេសទៅជួយពិនិត្យមើល កែតម្រូវឱ្យមានសមរម្យ ព្រមទាំងធ្វើការផ្សព្វផ្សាយតម្លៃ និងប្រវត្តិសាស្ត្រពិតប្រាកដរបស់ប្រទេសកម្ពុជាយើង។ ក្នុងទម្រង់កិច្ចសហការបែបនេះ បើទោះបីជាមានការប្រើប្រាស់ដើម្បីផលប្រយោជន៍ ការទាក់ទាញខ្លះៗក៏ដោយ ក៏យើងនៅតែយល់ថាកិច្ចសហការ និងការគោរពទៅវិញទៅមករវាងបេតិកភណ្ឌនៃប្រទេសមួយទៅប្រទេសមួយទៀត គឺជាកិច្ចការដែលយើងវាយតម្លៃថា ជាវិជ្ជមាន និងស្វាគមន៍ព្រមទាំងលើកទឹកចិត្ត ព្រោះកិច្ចសហការទាំងនេះ មានការពិភាក្សាគ្នា ហើយផ្នែកណាមួយ ដែលយើងយល់ថា អនុញ្ញាត គួរតែត្រូវបានផ្សព្វផ្សាយ ដើម្បីឲ្យពិភពលោកស្គាល់បន្ថែមទៀតអំពីប្រទេសកម្ពុជាយើង។

អវិជ្ជមាន៖ ព្រោះការចម្លងខ្លះធ្វើឡើងដោយកេងយកប្រយោជន៍ពីភាពល្បីល្បាញរបស់បេតិកភណ្ឌខ្មែរដែលគ្មានការពិគ្រោះ ការស្នើសុំ ហើយយកកិច្ចការនេះទៅជាការរកផលចំណេញផ្ទាល់ខ្លួន ដែលនេះជាការប្រកួតប្រជែងមិនស្មោះត្រង់។ ពេលខ្លះទៀត ក៏មានការផ្សព្វផ្សាយនូវព័ត៌មានមិនច្បាស់ ប្រវត្តិមិនច្បាស់លាស់ ឬមានបំណងចង់បំភ័ន្តបំភ្លៃនៃប្រវត្តិសាស្ត្រ ឬតម្លៃនៃស្នាដៃ។ ការចម្លងបែបនេះ អាចធ្វើឱ្យមានការភ័ន្តច្រឡំទៅលើមហាជននានា ដែលផលអវិជ្ជមាននេះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេស និងប្រជាជនយើងទេ តែនឹងធ្វើឱ្យអាប់ឱនដល់អ្នក ដែលបានលួចចម្លងដែរ ព្រោះអ្នកដែលបានលួចចម្លងមានការខ្វះក្រមសីលធម៌ ពុំមានការយល់ដឹងច្បាស់លាស់អំពីតម្លៃ នៃកិច្ចការពារបេតិកភណ្ឌពិភពលោក ដែលមនុស្សជាតិទាំងអស់ ត្រូវចូលរួមថែរក្សាមិនចំពោះតែបេតិកភណ្ឌដែលមានក្នុងប្រទេសខ្លួនឯងទេ ប៉ុន្តែត្រូវចូលរួមថែរក្សានូវបេតិកភណ្ឌដែលមាននៅតាមបណ្តាប្រទេសដ៏ទៃក្នុងពិភពលោកផងដែរ។ នៅមានច្រើនទៀត តែជារួម គឺស្ថិតនៅត្រង់ខ្វះការអប់រំ ខ្វះសីលធម៌ ខ្វះការយល់ដឹងអំពីច្បាប់ ហើយប្រើប្រាស់ការប្រកួតប្រជែងមិនស្មោះត្រង់ដើម្បីទាក់ទាញយកភាពល្បី។

FRESH NEWS៖ បើសិនមានករណីអ៊ីចឹង តើលោកយល់យ៉ាងម៉េចដែរអំពីភាពប៉ះពាល់?

លោក ឡុង កុសល៖ ខ្ញុំយល់ថា ការសិក្សា ការស្វែងរកព័ត៌មានតាមរយៈ (បើសិនករណីនេះក្នុងប្រទេសយើងជារឿងងាយស្រួល បើពិតជាមានការចម្លងណាមួយក្នុងស្រុកយើង យើងចាំបាច់ត្រូវការណែនាំ និងត្រូវស្នើសុំសិទ្ធិពីគេ ត្រូវស្វែងយល់អំពីតម្លៃរបស់គេ) ដូច្នេះយើងណែនាំប្រជាជនយើង ឱ្យគោរពនូវបេតិកភណ្ឌរបស់គេដែលមាននៅក្នុងពិភពលោក។ ប៉ុន្តែប្រសិនករណីនេះ មានក្រៅស្រុក សំខាន់ គឺយើងប្រមូលព័ត៌មានឱ្យបានច្បាស់លាស់គ្រប់គ្រាន់ ធ្វើការទំនាក់ទំនងជាមួយស្ថាប័នដែលមានភារកិច្ចក្រៅប្រទេស ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតរបស់យើង ដើម្បីទាមទារឱ្យមានការពិនិត្យឡើងវិញ ហាមឃាត់ ទប់ស្កាត់នូវរូបភាពបែបនេះ ព្រោះប្រទេស និងប្រទេស តែងមានការគោរព តែងមានការយល់ដឹង និងណែនាំទៅប្រជាជនរបស់ខ្លួនឱ្យចេះគោរព ឱ្យចេះលើកតម្កើងតម្លៃមនុស្សជាតិនិងតម្លៃបេតិកភណ្ឌពិភពលោក។

ក្នុងករណីខ្លះទៀត យើងក៏អាចធ្វើការតវ៉ា ប្រសិនជាទីកន្លែងទេសចរណ៍ យើងក៏អាចតវ៉ាតាមរយៈក្រសួងទេសចរណ៍ទៅអង្គការទេសចរណ៍ពិភពលោក ឱ្យមានការពិនិត្យ ណែនាំ ព្រមានក្រុមហ៊ុន ឬភ្នាក់ងារណា ដែលបានលួចប្រើប្រាស់ នៃតម្លៃបេតិកភណ្ឌរបស់ជនជាតិមួយទៀតដែលគ្មានការគោរព ខ្វះនូវក្រមសីលធម៌ និងព្រមានឬដាក់ទណ្ឌកម្មដល់ក្រុមណា ឬតំបន់ណាដែលធ្វើការចម្លងបំភ្លៃប្រវត្តិសាស្ត្ររបស់បេតិកភណ្ឌនោះ។ ប៉ុន្តែខ្ញុំយល់ថា យើងពុំដែលមានករណីនេះទេ ធម្មតាបើមានការពិភាក្សាតែងតែផ្តល់មកការសម្របសម្រួល ការយល់គ្នាទៅវិញទៅមក ដូច្នេះរឿងអ្វីទាំងអស់ គឺយើងដោះស្រាយតាមការពិភាក្សា ការអនុវត្តនូវគតិយុត្តិនានា ដែលមានជាធរមានទាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងកម្រិតអន្តរជាតិ។ តែយ៉ាងណាក្តី ក្នុងនាមជាកូនខ្មែរ យើងតែងតែប្រឹងប្រែងថែរក្សានូវតម្លៃនៃបេតិកភណ្ឌដូនតារបស់យើង និងសូមអរគុណចំពោះការយកចិត្តទុកដាក់ ការស្រឡាញ់របស់កូនខ្មែរដែលតែងតែមានស្មារតីគាំទ្រថែរក្សា ក៏ដូចជាប្រជាជននានានៅលើពិភពលោក ដែលបានមកទស្សនាប្រាសាទបុរាណខ្មែរ និងមានអារម្មណ៍គោរព ស្រឡាញ់មកដល់បេតិកភណ្ឌជាតិយើង។

FRESH NEWS៖ តើការចម្លងបែបនេះ អាចនាំឱ្យយើងខាតប្រយោជន៍ទាក់ទាញអ្នកទេសចរ ឱ្យទៅទស្សនានៅកន្លែងហ្នឹង ធ្វើឱ្យមានការចុះថយចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលនឹងត្រូវមកទស្សនានូវអ្វីដែលជារបស់ពិត ទីតាំងបុរាណពិត តម្លៃពិត ដែលមានក្នុងប្រទេសយើងដែរទេ?

លោក ឡុង កុសល៖ ចំពោះចំណុចនេះ ខ្ញុំហាក់ដូចជាពុំមានការព្រួយបារម្ភពេកទេ ព្រោះភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីស្វែងយល់អំពីតម្លៃ អំពីពិភពលោកដែលទូលំទូលាយនេះ គឺសុទ្ធតែឆ្លាតវាងវៃ។ ប្រសិនបើគេចំណាយលុយទិញសំបុត្រយន្តហោះធ្វើដំណើរជុំវិញពិភពលោក គឺគេចំណាយលុយ ដើម្បីទៅទស្សនាដុំពេជ្រមិនមែនទៅទស្សនាដុំក្រួសនោះទេ។ ដូច្នេះខ្ញុំជឿថា ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ទស្សនាអ្វីដែលជាបេតិកភណ្ឌពិភពលោកពីប្រទេសមួយទៅប្រទេសមួយទៀត គឺសុទ្ធតែជាអ្នកឆ្លាតវាងវៃជាងការដែលមនុស្សមួយចំនួនខិតខំប្រឹងប្រែងចំលង ឬធ្វើអ្វី្ឱ្យដូច ឬប្រហាក់ប្រហែលបំភ្លៃដើម្បីទាក់ទាញភ្ងៀវទេសចរអន្តរជាតិនោះទេ៕