(ភ្នំពេញ)៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បានបំផ្លាញសម្ភារអស់ទាំងស្រុង និងបណ្តាលឲ្យមានមនុស្សចំនួន៥នាក់រងរបួស។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅចំណុចផ្ទះជួលលេខ៧៧D តាមបណ្តោយផ្លូវ២១៧ (វិថីសម្តេចមុន្នីរ៉េត) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង២៖១០នាទីទៀបភ្លឺថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ក្រោយទទួលបានព័ត៌មានពីគ្រោះអគ្គិភ័យ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារអគ្គិភ័យ និងគ្រឿងផ្ទុះ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ។

ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំលោកនាយរងការិយាល័យ និងមន្ត្រីជំនាញ ចុះប្រតិបត្តិការភ្លាមៗ ដោយក្នុងនោះ បានបញ្ជាទៅគោលដៅដែល បានប្រចាំការនីមួយៗ ចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន២១គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់៣០ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន២គ្រឿង, រថយន្តទីក្រុងអូឡាំព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។

ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យមានមនុស្ស ចំនួន៥នាក់បានរងរបួស។ ដោយឡែកនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញអស់ម៉ូតូ ចំនួន៣គ្រឿង និងសម្ភារអស់ទាំងស្រុង។ យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបាននៅវេលាម៉ោង ៣៖៣០នាទីទៀបភ្លឺ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី៕