(ត្បូងឃ្មុំ)៖ សមិទ្ធផលជាច្រើនក្នុងវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឲ្យព្រះសង្ឃពុទ្ធបរិស័ទ និងប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

សមិទ្ធផលទាំងអស់នោះ រួមមាន៖ ផ្លូវ១ខ្សែ ប្រវែង៨០០ម៉ែត្រ, សាឡុំមួយខ្នង, សាលាបុណ្យមួយខ្នងកុដិ២ខ្នង មាន៧បន្ទប់, បង្គោលភ្លើងធំៗ ចំនួន៧ដើម, ដងទង់ជាតិ ចំនួន៣០ដើម, អណ្តូងទឹក១, បន្ទប់អនាម័យ ៨បន្ទប់ និងសាលារៀនមួយខ្នង មាន៣បន្ទប់។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

បន្ទាប់ពីមត្តិស្វាគមន៍របស់លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ រួចមក លោក ចាយ បូរិន បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់រួម និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនព្រះសង្ឃគ្រប់អង្គ និងជូនពុទ្ធបរិស័ទ ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្តតេជសុវណ្ណភូមិទាំងអស់។

លោកថាជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស និងបានអរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងបានថ្លែងអំណរព្រះគុណ ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ចៅអធិការវត្តតេជសុវណ្ណភូមិ ព្រមទាំងសប្បុរសជន ជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដែលបានរួមគ្នាកសាងវត្តតេជសុវណ្ណភូមិ ដែលជាទីអារាមសម្រាប់ប្រជាពុទ្ធបរិស័ទ ដែលកាន់ព្រះពុទ្ធសាសនា គោរពប្រណិប័ត្រ បន្តទៅជំនាន់ក្រោយទៀត និងបានចូលរួមលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា តាមរយៈសមិទ្ធិផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងវិស័យ ពុទ្ធចក្រ និងវិស័យអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត ហើយអ្វីៗ ដែលយើងមានថ្ងៃនេះ គឺដោយសារប្រទេសជាតិ មានសុវត្ថិភាព ស្ថិរភាព និងសុខសន្តិភាព ដូច្នេះត្រូវរួមគ្នាការពារសន្តិភាព ទើបយើងអាចថែរក្សា និងកសាងសមិទ្ធផលថ្មីៗ បន្ថែមទៀតបាន។

លោក ចាយ បូរិន ក៏បានអំពាវនាវសូមឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាល នៅពាសពេញពិភពលោក។

នៅក្នុងឱកាសនោះ អ្នកតំណាងរាស្រ្ត ចាយ បូរិន បាននាំយកថវិកា ដែលជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគេនព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ចៅអធិការវត្តតេជសុវណ្ណភូមិ ទុកកសាងសមិទ្ធផលបន្តទៀត និងបានប្រគេនដល់ព្រះសង្ឃគ្រប់អង្គ ចែកជូនវត្ថុអនុស្សាវរីយ៍ជូនពុទ្ធបរិស័ទ លោកតាលោកយាយ ប្រជាពលរដ្ឋក្រុមប្រឹក្សាឃុំ កម្លាំងការពារ យុវជន-យុវជនកាយឬទ្ធិ គ្រូពេទ្យ សិស្សានុសិស្ស ដែលចូលរួមផងដែរ។

បន្ទាប់មកលោក ចាយ បូរិន ក៏អញ្ជើញចូលរួមពិធីសិត្ថព្រះអង្គស្ពាន់ និងចូលរួមពីធីរាប់បាតប្រគេនព្រះសង្ឃចំនួន១០៨អង្គ ជាកិច្ចបង្ហើយបុណ្យ៕