(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រហូតចប់ភារកិច្ច។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ប្រឡង់ដៃសន្តិសុខត្រូវបានផលិតពីក្រណាត់តេតារ៉ុង ពណ៌ទឹកប៊ិក ហើយមានដេរលិនជាយដោយអំបោះពណ៍ទឹកប៊ិក និងមានខ្នាតទ្រង់ទ្រាយដូចខាងក្រោម៖

*មានបណ្តោយប្រវែង ៥០ ស.ម និងទទឹងប្រវែង ១២ ស.ម មានរូបសញ្ញារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានរាងរង្វង់មូល ដែលនៅចំពីក្រោមរូបសញ្ញាមានអក្សរ គ.ជ.ប ពណ៌ស
*មានអក្សរ «ភ្នាក់ងារសន្តិសុខបោះឆ្នោត» និង «ឆ្នាំ២០២២» ពណ៌ស ស្ថិតនៅកណ្តាលផ្ទៃនៃប្រឡង់ដៃ
*ប្រឡង់ដៃសន្តិសុខនីមួយៗ ត្រូវបានដេរភ្ជាប់ចុងម្ខាងទៅនឹងចុងម្ខាងទៀត មានសណ្ឋានជារាងបំពង់កាត់។

គ.ជ.ប បានបញ្ជាក់ថា ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ចាំបាច់ត្រូវពាក់ប្រឡង់ដៃសន្តិសុខនៅដើមដៃខាងឆ្វេងរបស់ខ្លួនដោយត្រូវបង្ហាញឱ្យឃើញច្បាស់នូវរូបសញ្ញា គ.ជ.ប និងអក្សរ «ភ្នាក់ងារសន្តិសុខបោះឆ្នោតឆ្នាំ២០២២»