(ភ្នំពេញ)៖ លោកស្រី កែវ សាមុល បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចង់បំពេញឯកសារអ្វីមួយនៅមូលដ្ឋានខណ្ឌចំការមន សូមអញ្ជើញមករកចៅសង្កាត់ ឬច្រកចេញចូលតែមួយនៅខណ្ឌដោយផ្ទាល់ មកទទួលសេវាដោយផ្ទាល់ ដើម្បីទំនាក់ទំនងល្អ រវាងមន្ត្រីរាជការយើង និងបងប្អូនប្រជាពលរដ្ឋ គឺធ្វើយ៉ាងអោយប្រជាពលរដ្ឋក្នុងសង្កាត់ភូមិ ឲ្យមានស្និទ្ឋស្នាលរវាងអាជ្ញាធរមូលដ្ឋាន។ ពេលខ្លះយើងគ្រាន់តែឮតៗគ្នាថា ពិបាករកចៅសង្កាត់ ឬការបំពេញ ឯកសារអ្វីមួយ គេយកលុយកាក់ច្រើននោះ សូមអញ្ជើញមកផ្ទាល់ ព្រោះចៅសង្កាត់ មន្ត្រីរដ្ឋបាលខណ្ឌ គឺជាអ្នកបម្រើសេវាប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយប្រជាពលរដ្ឋនោះទេ សូមបងប្អូនបញ្ឈប់ការខ្លាចរអារបៀបនេះ។ ម្យ៉ាងទៀត បើមករកមន្ត្រី ហើយទទួលបានការប្រើសំដី ឬអាកប្បកិរិយាមិនសមរម្យមកលើបងប្អូន សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកអភិបាលខណ្ឌភ្លាមៗ។ នោះនឹងមានវិធានការរដ្ឋបាលចំពោះមន្ត្រីនោះ។

លោកស្រីអភិបាលខណ្ឌចំការមន ថ្លែងបែបនេះ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ខដែលមានជីវភាពខ្វះខាត និងជនចាស់ជរា សង្កាត់បឹងត្របែក ចំនួន៥០គ្រួសារ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោកចៅសង្កាត់បឹងត្របែក និងមន្ត្រីពាក់ព័ន្ធ។

ជាមួយគ្នានេះ លោកស្រីអភិបាលរង ក៏បានសូមឱ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំឲ្យឆ្លងជំងឺបម្លែងថ្មី អូមីក្រុង ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយបានផ្លាស់ប្តូរនូវទម្លាប់រស់នៅ និងទម្លាប់ប្រាស្រ័យទំនាក់ទំនងគ្នាដែល យើងមិនធ្លាប់មានពីមុនដូចជា ការពាក់ម៉ាស់ និងនៅគម្លាតឆ្ងាយពីគ្នាជាដើម។

ក្នុងនោះលោកស្រី ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ ជូនពោះបងប្អូនប្រជាពលរដ្ឋយើង ទោះបីសម្ដេចមិនបានអញ្ជើញ មកដោយផ្ទាល់ តែសម្ដេចបានគិតគូរខ្ពស់ ចំពោះបងប្អូនដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ។

លោកស្រីអភិបាលរងខណ្ឌ បានបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនេះ គឺជាសក្ខីភាពមួយបញ្ជាក់ ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោល គឺធ្វើឡើងដោយទឹកចិត្តអាណិតស្រលាញ់ មិនចាំបាច់ថា អ្នកធំ អ្នកមានបានអាចជួយបងប្អូនបាននោះទេ គឺគ្រប់គ្នាទាំងអស់ឲ្យតែមានចិត្តជួយដល់សង្គម ជួយដល់បងប្អូនប្រជាពលរដ្ឋពិតនោះ គឺអាចជួយបានទាំងអស់។

ក្នុងឱកាសនេះដែរ លោកស្រី កែវ សាមុល ក៏បានសុំឲ្យប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងមូលដ្ឋាន ខណ្ឌចំការមន ពិសេសសង្កាត់បឹងត្របែក រៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបន្តអនុវត្តវិធានអនាម័យឲ្យបានជាប់ជាប្រចាំ គឺរស់នៅស្អាត ហូបស្អាត បរិស្ថានល្អ។ សូមកុំមើលស្រាលនឹងធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ ក៏ដូចអូមីក្រុងនេះ អោយសោះ តែក្នុងពេលនេះ លោកស្រីបានសម្ដែងការត្រេកអរ ដែលបានឃើញបងប្អូនបានពាក់ម៉ាសគ្រប់ៗគ្នា ដើម្បីចូលរួមការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩។

លោក ស៊ុន សិទ្ឋី នាយករដ្ឋបាល បានបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋទទួលបាននៅពេលនេះ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៉ីវ០១យួរ, ម៉ាស២០សន្លឹក និងថវិកា ២០,០០០រៀល៕