(មណ្ឌលគិរី)៖ អំពើឃាតកម្មនៅខេត្តមណ្ឌលគិរី សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះចំនួន២នាក់ទៀត ត្រូវបានរកឃើញក្នុងនោះមានស្រីម្នាក់ ដូច្នេះជនរងគ្រោះដែលស្លាប់មានចំនួន៥នាក់ (ប្រុស៤នាក់ និងស្រីម្នាក់)។

លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា សមត្ថកិច្ចបានរកឃើញសពជនរងគ្រោះ២នាក់ទៀត ដែលម្សិលមិញមានការអះអាងថាបាត់ខ្លួននោះ។ ជនរងគ្រោះទាំង២នាក់ គឺមានស្រីម្នាក់។

សូមបញ្ជាក់ថា សពជនរងគ្រោះក្នុងគ្រួសារមួយ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងព្រៃមួយ ស្ថិតនៅចំណុចស្រែម៉ាអ៊ែល ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចមូលដ្ឋានខេត្តមណ្ឌលគិរី បានដាក់ការសង្ស័យជាបឋមថា ជាករណីឃាតកម្ម ខណៈដែលព័ត៌មានលំអិតនៅមិនទាន់ដឹងនៅឡើយ ដោយរង់ចាំការស្រាវជ្រាវរបស់សមត្ថកិច្ចសិន។

នៅកន្លែងកើតហេតុ ក្នុងចំណោមជនរងគ្រោះទាំង៥នាក់នោះ សមត្ថកិច្ចបានរកឃើញក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ នៅមានជីវិតនៅឡើយ ហើយបាននាំយកមកសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី។

លោក សូ សុវណ្ណ បានឲ្យដឹងថា រឿងនេះពិតជាបានកើតឡើងពិតមែន ដោយទីតាំងកើតហេតុនោះនៅកណ្តាលព្រៃ ដែលមានចម្ងាយពីទីរួមខេត្តប្រមាណ៣០គីឡូម៉ែត្រ ទោះបីជាយ៉ាងណាក៍ដោយកម្លាំងសមត្ថកិច្ច បានចុះឡោមព័ទ្ធក្នុងព្រៃ ដើម្បីធ្វើការស្រាវជ្រាវរកតម្រុយ និងមុខសញ្ញា។

លោក សូ សុវណ្ណ បានបញ្ជាក់ថា ករណីនេះស្លាប់នេះ បានកើតឡើងតាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២៕