(មណ្ឌលគិរី)៖ យ៉ាងហោចណាស់មានមនុស្សចាស់ក្មេងចំនួន៣នាក់ ក្នុងគ្រួសារមួយ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងព្រៃមួយ ស្ថិតនៅចំណុចស្រែម៉ាអ៊ែល ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចមូលដ្ឋានខេត្តមណ្ឌលគិរី បានដាក់ការសង្ស័យជាបឋមថា ជាករណីឃាតកម្ម ខណៈដែលព័ត៌មានពិតប្រាកដយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញក្មេងប្រុសម្នាក់អាយុ៥ឆ្នាំ នៅមានជីវិតនៅឡើយ ខណៈសមត្ថកិច្ចកំពុងនាំយកមកសង្រ្គោះបន្ទាន់នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី រីឯមនុស្សចំនួន២នាក់ទៀត កំពុងបាត់ខ្លួនក្នុងព្រៃ។

លោក សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរី បានប្រាប់ Fresh News ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា រឿងនេះពិតជាបានកើតឡើងពិតមែន ដោយទីតាំងកើតហេតុនោះនៅកណ្តាលព្រៃ ដែលមានចម្ងាយពីទីរួមខេត្តប្រមាណ៣០គីឡូម៉ែត្រ ទោះបីជាយ៉ាងណាក៍ដោយកម្លាំងសមត្ថកិច្ច កំពុងចុះឡោមព័ទ្ធក្នុងព្រៃ ដើម្បីធ្វើការស្រាវជ្រាវរកតម្រុយ និងមុខសញ្ញា។

លោក សូ សុវណ្ណ បានបញ្ជាក់ថា ករណីនេះស្លាប់នេះ បានកើតឡើងតាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២៕