(ភ្នំពេញ)៖ លោក កុយ គួង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានផ្តាំទៅបុគ្គល សោ ចាន់ដេត អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ថា «បើឈប់បាន ឈប់ទៅ នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់» ដែលថាលោកជា អតីតប្រធានចលនាយុវជនជាតិខ្មែរ នៃគណបក្សសម រង្ស៉ី។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក កុយ គួង បានឆ្លើយតបយ៉ាងដូច្នេះថា៖

«ថ្មីៗនេះ បុគ្គលឈ្មោះសោរ ចាន់ដេត (Sor Chandeth) ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សរបស់លោក សម រង្ស៊ី បានបង្ហោះសារតាមហ្វេសប៊ុក (Facebook) របស់ខ្លួន ដែលមានចំណងជើងថា "អ្នកបន្តវេន សម រង្ស៊ី ជានរណា?"។ បុគ្គលនេះបានធ្វើការចោទប្រកាន់ដោយលាបពណ៌ដល់យុវជនជាច្រើននាក់ ក្នុងនោះបានលើកយកឈ្មោះរបស់ខ្ញុំ (កុយ គួង)ផង ដែលបានចាកចេញពីអតីតគណបក្ស សម រង្ស៊ី តាំងពីដើមឆ្នាំ២០០៨ មកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានបំរើការងារជូនគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរហូតមកដល់បច្ចុប្បន្ននេះ ថានៅរក្សា "ឆន្ទះ សម រង្ស៊ី និយម" ស្អីគេនោះ។

ខ្ញុំសូមធ្វើការឆ្លើយតបទៅការចោទប្រកាន់លាបពណ៌ដោយឥតអៀនខ្មាស់របស់បុគ្គល សោ ចាន់ដេតនេះ ដូចតទៅ៖

១៖ ខ្ញុំមិនដែលធ្វើជាប្រធានចលនាយុវជនជាតិខ្មែរ នៃគណបក្សសម រង្ស៊ី ម្តងណាឡើយ។

២៖ ចលនាចាកចេញជាក្រុមធំពីអតីតគណបក្សសម រង្ស៊ី ដើមឆ្នាំ២០០៨ កើតឡើងដោយសារថ្នាក់ដឹកនាំគណបក្សនេះនិយាយផ្សេង ធ្វើផ្សឹង គឺដើរផ្ទុយទាំងស្រុងពីបាវចនាទាំងបីរបស់គណបក្ស "សីលធម៌ សច្ចៈធម៌ យុត្តិធម៌" ហើយដឹកនាំការងារគណបក្សផ្ទុយពីបទបញ្ជាផ្ទៃក្នុងគណបក្ស និងគោលការណ៍ប្រជាធិបតេយ្យ ដែលខ្លួនប្រកាស់ថា ជាគណបក្សប្រជាធិបតេយ្យធំជាងគេ។

៣៖ លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សសម រង្ស៊ី បានហៅការចាកចេញជាក្រុមធំនេះ ថាជាសាច់ស្អុយត្រូវកាត់ចេញពីគណបក្ស ដោយឥតស្តាយស្រណោះអ្វីឡើយ។ ពេលគេព្រមនៅជាមួយខ្លួន ហៅគេថា ជាមនុស្សសំខាន់មានតម្លៃ។ តែពេលគេមិនពេញចិត្តនឹងការដឹកនាំរបស់ខ្លួន ហើយដើរចេញ ហៅគេថា ជាសាច់ស្អុយដែលត្រូវកាត់ចោល។

៤៖ គណបក្សប្រជាជនកម្ពុជា បានយល់ព្រមទទួលស្វាគមន៍យ៉ាងកក់ក្តៅបងប្អូនដែលបានចាកចេញពីគណបក្ស សម រង្ស៊ីនាពេលនោះ និងជាបន្តបន្ទាប់ ប្រកបដោយទឹកចិត្តទូលំទូលាយមានគុណធម៌ខ្ពស់ និងបានទទួលស្គាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ស្មើៗគ្នាដោយឥតរើសអើង ថាអ្នកចាស់ ឬអ្នកថ្មីឡើយ។ ជាងនេះទៀតគណបក្សប្រជាជនកម្ពុជាបានផ្តល់សេចក្តីទុកចិត្ត ហើយប្រគល់ការងារជាច្រើនជូនបងប្អូនទាំងអស់នោះ ទាំងក្នុងក្របខណ្ឌគណបក្ស និងក្របខណ្ឌរាជការទៅតាមចំណេះជំនាញរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។

៥៖ តើបុគ្គល សោ ចាន់ដេត មានចេតនាអាក្រក់ពុតត្បុតកំរិតណា ដែលបែរជាមកលាបពណ៌ដល់អ្នកដែល ត្រូវលោក សម រង្ស៊ី ហៅថាជាសាច់ស្អុយ ចាំបាច់ត្រូវកាត់ចេញពីគណបក្សតាំងពីឆ្នាំ២០០៨ហើយនោះ? តើបុគ្គល រូបនេះ យល់ឃើញថា ប្រធានរបស់ខ្លួន (សម រង្ស៊ី ) អស់ផ្លូវលែងមានអ្នកគាំទ្រ ឬដើរតាមទៀតហើយឬ ទើបមកលាបពណ៌មនុស្សដែលដើរចេញតាំងពីឆ្នាំ២០០៨ ថានៅរក្សា "ឆន្ទះ សម រង្ស៊ី និយម" ទៀតនោះ?

លោក កុយ គួង សូមផ្តាំទៅបុគ្គល សោ ចាន់ដេត ថា បើឈប់បាន ឈប់ទៅ នូវគំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់បែបនេះ។ បងប្អូនទាំងអស់ដែលបានចាកចេញពីអតីតគណបក្ស សម រង្ស៊ី តាំងពីដើមឆ្នាំ២០០៨ ស្ទើរតែភ្លេចឈ្មោះលោក និងសហការីរបស់លោកទៅហើយ»៕