(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតទទួលជួបសំណេះសំណាល ជាមួយសប្បុរសជនជាច្រើនរូប ដែលបានចូលរួមចំណែកជួយឧបត្ថម្ភអំណោយជាសម្ភារបរិក្ខាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដល់កងទ័ពជើងគោក និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ហើយក្នុងនោះក៏មានការចូលរួមពីទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជា ដែលបានធ្វើឡើងនាពេលថ្មីៗនេះ នៅទីបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាសមាជិក សមាជិកា នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នូវអំណរគុណចំពោះសមានចិត្តដ៏ថ្លៃថ្លារបស់ សប្បុរសជន ដែលបានរួមចំណែកឧបត្ថម្ភថវិកា និងសម្ភារបរិក្ខា ដើម្បីគាំទ្រដល់កងទ័ពជើងគោក ក៏ដូចជាសមាគម TYDA នៅក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោក ហេង វុទ្ធី ក្នុងនាមសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងជួសមុខឱ្យសប្បុរសជនទាំងអស់ បានគោរពថ្លែងអំណរគុណលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានខិតខំប្រឹងប្រែងលះបង់អស់កម្លាំងកាយចិត្ត ដោយមិនខ្លាចនឿយហត់នៅក្នុងបេសកកម្មជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ដែលរងគ្រោះដោយ សារជំងឺកូវីដ-១៩ រហូតត្រូវបានប្រសិទ្ធនាមថាជាមេទ័ពអាវសដ៏អង់អាច។

ជាការឆ្លើយតបលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃស្មារតីជួយគ្នា ទៅវិញទៅមកក្នុងកាលៈទេសៈ លំបាកជាពិសេសក្នុងស្ថានការណ៍នៃជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ឯក បានបន្តថា នៅកម្ពុជាសភាពរីករាលដាលនៃជំងឺនេះកំពុងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ខណៈបណ្តាប្រទេសលើសកលលោក កំពុងប្រឈមខ្លាំងនៅឡើយ ដែលនេះគឺជាជោគជ័យមួយគួរជាទីមោទនៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយជោគជ័យនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាអង្គការសមាគមទូទាំង ប្រទេសនោះឡើយ ជាពិសេសការចូលរួមចំណែកគាំទ្រពីសំណាក់សប្បុរសជន និងវិស័យឯកជននានា ក៍ដូចជាពីបណ្តាប្រទេសជាមិត្តផងដែរ៕