(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមអគ្គលេខាធិការរងសមាគម អតីតយុទ្ធជន បានទទួលជួបសំណេះសំណាលជាមួយសប្បុរសជនចំនួន ២០រូប ដែលបានចូលរួមឧបត្ថម្ភដល់ការសាងសង់លំនៅឋានជូនអតីតយុទ្ធជន នាពេលថ្មីៗនេះ នៅទីបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងនាមលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងអំណរគុណ ទៅកាន់សប្បុរសជន ហើយក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមានចិត្តរបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភជាថវិកា ដើម្បីរួមចំណែក្នុងការ កសាងផ្ទះជូនអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ដែលមានជីវភាពខ្វះខាត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការដោះស្រាយលំនៅឋានជូនអតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ដែលមានជីវភាពខ្វះខាតនាពេលនេះគឺជាការរួមចំណែក ដ៏ថ្លៃថ្លាជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងបានរំលឹក និងជំរុញជាប់ជាប្រចាំ ក្នុងការគិតគូរយកចិត្តទុកដាក់ ចំពោះសុខខុមាលភាព និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងយោធិនចូលនិវត្តន៍ តាមរយៈការរៀបចំផ្តល់ដីសម្បទានសម្រាប់បង្ក បង្កើនផល ដីសង់លំនៅឋាន និងការឧបត្ថម្ភជាក់ស្តែងផ្សេងៗមួយចំនួនទៀត។

លោកអគ្គលេខាធិការរង សមាគមអតីតយុទ្ធជន បានបន្ថែមទៀតថា លក្ខខណ្ឌអំណោយផលនៃសន្តិភាពស្ថិរភាពនយោបាយ បាននិងកំពុងបន្តផ្តល់ឱកាសដល់ការរីក ចម្រើនលូតលាស់ ជាលំដាប់លើគ្រប់វិស័យទាំងវិស័យសាធារណៈនិងឯកជន។ ជាក់ស្តែងវឌ្ឍនភាព និងសមិទ្ធផលទាំងអស់នេះ គឺបានកើតទ្បើងពីការខិតខំតស៊ូ និងការបូជាលះបង់សាច់ស្រស់ ឈាមស្រស់របស់អ៊ំពូមីងអតីតយុទ្ធជននៅលើសមរភូមិជាច្រើន ដូច្នេះការចូលរួមចំណែកជួយដល់អតីតយុទ្ធជននៅពេលនេះ គឺប្រៀបបាននឹងការតបស្នងសងគុណចំពោះអ្នកដែលបានផ្តល់ឱកាសឱ្យកើតមានសុខសន្តិភាពនៅលើទឹកដីកម្ពុជា៕