(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២២នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា (JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO.,LTD ព្រមទាំងសហការី ដើម្បីពិភាក្សាការងារ និងសិក្សាអំពីការធ្វើសូត្រនៅក្នុងខេត្តបាត់ដំបង និងសិក្សាអំពីសក្ដានុពលក្នុងខេត្តបាត់ដំបង រួមមានផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋដែលមិនទាន់មានការកែច្នៃ ។

លោក តាមឺរ៉ាក់ សឺតុមឺ បានថ្លែងថា សមាគនជប៉ុនគ្រោងនឹងដឹកនាំអ្នកវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជា នឹងមកកាន់ខេត្តបាត់ដំបង ក្នុងកំឡុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីមកសិក្សាពីសក្តានុពលរបស់ខេត្ត ក៏ដូចជាវិស័យកសិកម្ម ផ្តោលើសហគ្រាសធនតូច និងមធ្យម ជាពិសេសការកាវិនិយោគលើការធ្វើសូត្រ នៅក្នុងខេត្តបាត់ដំបង និងមួយទៀតគឺផ្តោតទៅលើគម្រោងទីក្រុងឆ្លាតវៃ។

លោក សុខ លូ ក៏បានស្វាគមន៍ចំពោះលោក តាមឺរ៉ាក់ សឺតុមឺ ដែលបានមកទស្សនកិច្ចនៅខេត្តបាត់ដំបង និងបានសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តបាត់ដំបង ជាពិសេសទៅលើការកែឆ្នៃផលិតផលកសិកម្ម និងការចិញ្ចឹមដង្កូវនាងដើម្បីផលិតជាសូត្រ នៅក្នុងខេត្តបាត់ដំបង។

លោកក៏បានថ្លែងអំណរគុណ និងសំណូមពរដល់លោកនាយកសមាគមជប៉ុន-កម្ពុជា(JCA) ជួយជំរុញ ផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលរបស់ខេត្តបាត់ដំបងជូនទៅដល់បណ្តាអ្នកវិនិយោគទុន និងក្រុមហ៊ុនរបស់ជប៉ុន ឱ្យមកធ្វើការវិនិយោគនៅខេត្តបាត់ដំបងបន្ថែមទៀតផងដែរ៕