(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា ដែលដឹកនាំដោយ លោកស្រីនាយិកា Alissar Chaker ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

នាឱកាសនោះ ទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការទៅលើបណ្តាគម្រោងនានា ដែលបានអនុវត្តកន្លងមកក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងគោលនយោបាយដឹកជញ្ជូនប្រកបដោយចីរភាព សំដៅកាត់បន្ថយ ផលប៉ះពាល់បរិស្ថាន និងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អបន្ថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដែលមានការគិតគូអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស គម្រោងកិច្ច សហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីដំឡើងស្ថានីយ សាកថ្មរថយន្តដើរ ដោយថាមពលអគ្គិសនី (EVs) គម្រោងសហការជាមួយអគ្គនាយកដ្ឋានគយ និងពន្ធដារដើម្បីរៀបចំជាផែនការសម្រាប់ការនាំចូលរថយន្តចាស់ៗ ដែលមានអាយុ១០ឆ្នាំ និងគម្រោងជួបពិភាក្សា ជាមួយ នឹងស្ថានីយ៍ប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយ៍សាកថ្មរថយន្ត EVs ដែលក្នុងនោះរួមមាន៖ ស្ថានីយសាំងតូតាល់ កាល់តិច សូគីមិច និងតេលាជាដើម។

ជាមួយគ្នានោះផងដែរ គណៈប្រតិភូ UNDP ក៏បានលើកឡើងអំពីនិន្នាការពិភពលោក ឆ្ពោះទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកាសធាតុ គម្រោងកំពុងអនុវត្តទាក់ទងនឹងការដឹកជញ្ជូនប្រកបដោយចីរភាពដែលជាផ្នែកមួយនៃ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្នុងការធានាបាននូវការរស់នៅប្រកបដោយបរិស្ថានល្អ និង បានស្នើយោបល់ឱ្យក្រសួងសហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជា វិស័យឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រថយន្តដើរដោយថាមពលអគ្គិសនី និងជំរុញឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធលើបញ្ហានេះផងដែរ។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយ ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយសេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda និង NHAM24 ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយ ថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគម្រោង ផែនការ និងគោលនយោបាយដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាព៕