(សៀមរាប)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានបើកការដ្ឋានជួសជុលផ្លូវកៅស៊ូ 2SR2 បន្ថែមទៀតប្រវែង ២០គីឡូម៉ែត្រ ពីភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ទៅដល់ព្រំប្រទល់ឃុំគោកដូង ស្រុកអង្គរជុំ ក្នុងជំហានទី២។ គម្រោងផ្លូវនេះកើតឡើងដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បីសម្របសម្រួលនិងជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសុខុមាលភាពប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីបើកការដ្ឋាន នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡុង រដ្ឋារក្ស អភិបាលស្រុកអង្គរធំ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង៤៦,២០គីឡូម៉ែត្រ ឆ្លងកាត់ស្រុកអង្គរធំ និង ស្រុកអង្គរជុំ ទៅដល់ឃុំស្វាយសរស្រុកវ៉ារិន ដែលជាសសៃឈាមសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ស្រុកទាំងបី ក្នុងការដឹកជញ្ជូនកសិផលកសិកម្មរបស់ប្រជាពលរដ្ឋ ដែលឆ្លងកាត់ភូមិសាស្ត្រស្រុកអង្គរធំមានប្រវែង ២៨គីឡូម៉ែត្រ។

លោកបានបន្តទៀតថា សកម្មភាពនៃការជួសជុលផ្លូវនេះ ធ្វើទៅតាមជាជំហាន ដោយជំហានទី១ ធ្វើពីឃុំលាងដៃ ដល់ឃុំពាក់ស្នែង បានប្រវែង ៨,៥គីឡូម៉ែត្រ ហើយជំហាន២នេះ ត្រូវជួសជុលប្រវែង ២០ គីឡូម៉ែត្រ ដែលកើតចេញមកពីកម្លាំងសាមគ្គី ដើមី្បបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្រោមការឧបត្តម្ភពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកអង្គរធំ និងបងប្អូនសប្បុរសជន រួមទាំងក្រុមហ៊ុនដែលប្រកបអាជីពនៅលើដងផ្លូវមួយខ្សែនេះផងដែរ។

លោក ស ថាវី បានមានប្រសាសន៍ថា នៅក្នុងរយៈពេល ២៣ឆ្នាំចុងក្រោយនេះ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះដែរ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ជាភាពចាំបាច់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅជនបទ ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាការតភ្ជាប់នៅក្នុងក្របខណ្ឌផ្ទៃក្នុងរបស់ស្រុកអង្គរធំ ជាមួយនឹងស្រុកផ្សេងៗ ដែលមានភូមិសាស្ត្រនៅជិត ដើម្បីនាំមកនូវវឌ្ឍនភាពថ្មីៗ សម្រាប់ការអភិវឌ្ឍសង្គមនៅក្នុងមូលដ្ឋាន។

ជាការឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍក្នុងដំណាក់កាលថ្មី សម្រាប់អាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដោយបានកំណត់ ( មនុស្ស ផ្លូវ ភ្លើង និងទឹក ) នៅតែជាការងារអាទិភាព ក្នុងគោលដៅបន្តពង្រឹងកិច្ចអភិវឌ្ឍប្រកបដោយ ចីរភាពសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងទៅមុខទៀត។ សមទ្ធិផលនេះគឺកើតចេញពីវប្បធម៌ប្រពៃណីនៃកម្លាំងសាមគ្គី បានជួយដោះទុក្ខកង្វល់ប្រជាពលរដ្ឋទៅតាមតម្រូវការ។

ជាមួយគ្នានោះ លោក បានសំណូមពរឱ្យអាជីវករមានរថយន្តដឹកជញ្ជូន សូមកុំដឹកទំនិញហួសទំងន់កំណត់ និងត្រូវគោរពច្បាប់ចរាចរណ៍។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋមានការអធ្យាស្រ័យ និងយោគយល់ផងដែរ ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅ និងធ្វើដំណើរតាមដងផ្លូវនេះ ដែលនឹងទទួលរងការរំខាន និងផលប៉ះពាល់ពីការដ្ឋានជួសជុល ប៉ុន្តែនៅពេលការដ្ឋានជួសជុលត្រូវបានបញ្ចប់ ផ្លូវនេះនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ក៏ដូចជាសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ៕