(ភ្នំពេញ)៖ លោក ហោ សំណាង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃមន្ទីរសម្រាកព្យាបាលកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខជូនលោកវេជ្ជបណ្ឌិត គីន វណ្ណា និងក្រុមគ្រួសារ ចំពោះមរណភាពលោកវេជ្ជបណ្ឌិត ឈា ថាំង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងជាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី១ និងនីតិកាលទី២ នៃព្រឹទ្ធសភា បានទទួលមរណភាពនៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៣៖២៥នាទីរសៀល ក្នុងជន្មាយុ៨៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតនេះ លោក ហោ សំណាង បានគូសរំលេច អំពីភាពជាឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌របស់លោកវេជ្ជបណ្ឌិត ឈា ថាំង និងជាពិសេស ក្នុងឥស្សរភាពជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបធ្លាប់បានរួមចំណែកកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល តាំងពីដើមដំបូងក្រោយប្រទេសកម្ពុជា ត្រូវបានរំដោះ នៅថ្ងៃ ៧មករា១៩៧៩ និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ។

លោកបានបន្ថែមថា អ្វីដែលជាវឌ្ឍនភាពក្នុងវិស័យសុខាភិបាលនាពេលបច្ចុប្បន្ន មិនអាចទៅរួចទេ បើគ្មានការចាប់ផ្តើមប្រកបដោយទឹកចិត្តមោះមុត ទាំងកម្សត់ កម្រ ពីដំបូងរបស់ព្រឹទ្ធាចារ្យទាំងឡាយក្នុងវិស័យនេះដូចជាលោកវេជ្ជបណ្ឌិត ឈា ថាំង។

លោក ហោ សំណាង បានឧទ្ទិសនិងបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត ឈា ថាំង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕