(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានផ្ញើលិខិតជូនពរដល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៧៧ ឈានចូល៧៨ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសារលិខិតនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល បានលើកឡើងដូចតទៅ៖

«សម្តេចវិបុលសេនាភក្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់,

ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្ដេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរ បាលទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីរីករាយឥត ឧបមា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះអង្គព្រះមេត្តាប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមបានប្រកប នូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ ឈ្នះអស់មារសត្រូវទាំងឡាយគ្រប់ទិសទី និង សូមសម្រេចបាននូវជោគជ័យថ្មីៗទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម បម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើន រុងរឿងរបស់ប្រជាជន នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា តរៀងទៅ ។

ខ្ញុំសូមយកឱកាសនេះ សូមអនុញ្ញាតគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គលជូន លោកជំទាវ អ៊ូ សាន សាយ ឈុំ ព្រមទាំងបុត្រា-បុត្រី និងចៅប្រុស-ចៅស្រី សូមបានប្រកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចវិបុលសេនាភក្តីមេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ»