(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។

សម្រាប់កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅបំពេញបេសកកម្មនោះរួមមាន៖ កងវិស្វកម្មពហុជំនាញ លេខ៨២៩ ចេញបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់។

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជាទាំង ១៨៤នាក់នេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំនូវការផ្តាំសួរសុខទុក្ខជូនពរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ជូនចំពោះកងកម្លាំងដែលរៀបចំទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាតិ នៅសាធារណរដ្ឋលីបង់ នាពេលនេះ ។

បើតាមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បេសកកម្មនៅសាធារណរដ្ឋលីបង់ ជាឆ្នាំទី១២ ហើយកងវិស្វកម្មពហុជំនាញលេខ៨២៩ ក៏ជាកងទី១២ ដែលបានចូលរួមចំណែកទទួលបានទំនុកចិត្ត និងភារកិច្ចពីអង្គការសហប្រជាជាតិ ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាព ជូនប្រទេសដែលរងជម្លោះដូចបណ្តាប្រទេសមុនៗដែរ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់ថា៖ «ហើយថ្ងៃនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ជាតិមាតុភូមិយើងដែលវីរយុទ្ធជន យុទ្ធនារីយើង បានខិតខំហ្វឹកហាត់អស់រយៈពេលជាយូរ ទទួលបានក្តីសង្ឃឹម និងទំនុកចិត្តយ៉ាងពិតប្រាកដ ពី អ.ស.ប. និងប្រមុខរាជរដ្ឋាភិបាល ដើម្បីយកចំណេះ ជំនាញទាំងនេះ ទៅអនុវត្តផ្ទាល់នៅលើសមរភូមិ។ ឯកឧត្តម ប្រាក់ សុខុន រួមទាំងខ្លួនខ្ញុំផ្ទាល់ ក៏បានសំណេះសំណាលជាមួយបងប្អូនយើងរួចមកហើយ ដូច្នេះខ្ញុំមិនអូសបន្លាយពេលវេលានោះទេ ដោយគ្រាន់តែក្រើនរំលឹកបងប្អូន យើងទាំងអស់គ្នា ឱ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីប្រយោជន៍រួម»

«កម្លាំងទាំងអស់ ត្រូវគិតពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវប្រមាទស្ថានការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនណាដែលល្អៗ កែតម្រូវរាល់កំហុសឆ្គងដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនយើងផ្ទាល់។ ជាក់ស្តែង ក្នុងរយៈពេល១០ឆ្នាំ កម្លាំងកម្ពុជា នៅប្រទេសលីបង់ តែងទទួលបានសុខ និងសុវត្ថិភាព តែគួរឱ្យសោកស្តាយដែលកងទី១១ ដែលជាកងនឹងធ្វើមាតុនិវត្តន៍ បានជួបឧបទ្ទវហេតុផ្ទុះមីន បណ្តាលឱ្យមានវិប្បដិសារីដល់ជាតិអង្គភាពគ្រួសារ ពិសេសចំពោះខ្លួនឯងផ្ទាល់។ នេះគឺជាមេរៀន ដែលបុគ្គលនីមួយៗត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ជាប់ខ្លួន អនុវត្តឱ្យបានដាច់ខាតតាម SOP របស់អង្គការសហប្រជាជាតិ»។ នេះជាការដាស់តឿនបន្ថែមរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី។

ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។

ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕